Views
ប្រភពវិទ្យុបារាំង ៖ ប្រមុខបក្សកាន់អំណាច លោក ហ៊ុន សែន នៅថ្ងៃនេះ បានបន្តអំពាវនាវឲ្យមន្ត្រីជាប់ឆ្នោតគណបក្សប្រឆាំង បន្តចុះចូលជាមួយគណបក្សកាន់អំណាចរបស់ខ្លួន ឲ្យបានមុនថ្ងៃទី ១៦ វិច្ឆិកា។ ថ្ងៃទី ១៦ វិច្ឆិកា គឺជាកាលបរិច្ឆេទដែលតុលាការកំពូល នឹងបើកសវនាការជំនុំជំរះក្តី លើបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលប្តឹងដោយរដ្ឋាភិបាលកម្ពុជា។ វីដេអូអំពាវនាវរបស់លោក គឺធ្វើឡើងនៅថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ។
គឺតាមរយៈវីដេអូឃ្លីបផ្សាយផ្ទាល់ជាង២០នាទី នៅលើទំព័រហ្វេសបុករបស់ខ្លួន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តអំពាវនាវឲ្យមន្ត្រីជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ រាប់ចាប់តាំងពីតំណាងរាស្ត្រ រហូតដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេស មកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក។ ការចុះចូល គឺធ្វើឡើង ឲ្យបានមុនថ្ងៃទី ១៦ វិច្ឆិកា។ ជាថ្ងៃដែលតុលាការកំពូលនឹងបើកសវនាការជំនុំជម្រះក្តីលើបណ្តឹងសុំរំលាយគណបក្ស
សង្គ្រោះជាតិតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។ នេះបើតាមវីដេអូ អំពាវនាវរបស់ប្រមុខបក្សកាន់អំណាច នៅថ្ងៃទី០៤ វិច្ឆិកា ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ។
បើតាមវីដេអូឃ្លីបនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា គណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ ពោលគឺមុនពេលដែលតុលាការកាត់ទោសលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទក្បត់ជាតិ ទៅទៀត។ លោកបានមានប្រសាសន៍ថា គណបក្សកាន់អំណាចរបស់លោកនៅតែស្វាគមន៍ចំពោះមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលនៅពេលនេះផ្លូវនៅបើកទូលាយ តែបើការចុះចូលធ្វើឡើងក្រោយថ្ងៃទី១៦វិច្ឆិកា ផ្លូវនឹងតូចជាងមុន។
ការចេញមុខមកអំពាវនាវជាថ្មីប្រមុខបក្សកាន់អំណាចនៅពេលនេះ គឺធ្វើឡើង បន្ទាប់ពីលោកបានអះអាងថា មានការរារាំង ឬទប់ស្កាត់មិនឲ្យមានការផ្តាច់ខ្លួននៅក្នុងចំណោមមន្ត្រីគណបក្សប្រឆាំង និងទំនងជាប្រមុខបក្សកាន់អំណាចចង់ឆ្លើយតបទៅនឹងសំណួរថា បើគណបក្សសង្គ្រោះជាតិត្រូវរំលាយមែន តើចាំចាប់អ្វីដែលលោក ហ៊ុន សែន ត្រូវអំពាវនាវឲ្យមានការចុះចូលបែបនេះ? លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយនឹងសំណួរនេះថា គឺដោយសារតែលោកមានបំណងល្អជាមួយមន្ត្រីថ្នាក់ក្រោម។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០៣ វិច្ឆិកា មានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិតែម្នាក់ប៉ុណ្ណោះ ដែលបានប្រកាសចុះចូលជាមួយគណបក្សកាន់អំណាច។ ក្រៅពីនោះនៅមានសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង មេឃុំ-ចៅសង្កាត់ រួមទាំងសមាជិកក្រុមប្រឹក្សានិងជំទប់ទី១និងទី២ ប្រមាណជា៥៦រូបប៉ុណ្ណោះ ដែលបានសម្រេចចិត្តចាកចេញពីគណបក្សរបស់ខ្លួន តាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ សម្រាប់គណបក្សសង្គ្រោះជាតិ ចំនួននេះនៅតិចតួចនៅឡើយ បើប្រៀបធៀបនឹងចំនួនមេឃុំ-ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលខ្លួនបានឈ្នះពីគណបក្សប្រជាជនកម្ពុជាជាង៥ពាន់នាក់ កាលពីការបោះឆ្នោតនាខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។
យ៉ាងណាក៏ដោយ បើតាមការអះអាងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្សសង្គ្រោះជាតិ មិនត្រឹមតែរំលាយចោលនោះទេ តែសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលលោកនាយករដ្ឋមន្ត្រីបានហៅថា ជាក្រុមឧទ្ទាមទីក្រុង ប្រមាណជា១០០នាក់ នឹងត្រូវហាមឃាត់ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំដែរ៕
Pdach Mok
Saturday, November 4, 2017