Views
ប្រភពអាស៊ីសេរី ៖ ប្រធានអង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា
ប្រតិកម្មចំពោះក្រសួងមហាផ្ទៃ
ដែលសម្រេចផ្អាកសកម្មភាពរបស់អង្គការរបស់ខ្លួន
ក្រោមហេតុផលអនុវត្តបំពានច្បាប់។ អង្គការសង្គមស៊ីវិល
ដែលឃ្លាំមើលដំណើរតម្លាភាពសង្គម យល់ឃើញថា
នេះជាការអនុវត្តច្បាប់ដ៏ប្រញាប់ពេករបស់ក្រសួងមហាផ្ទៃ។
ប្រធានអង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង សេងហុង
ដែលកំពុងលាក់ខ្លួននៅក្នុងទីតាំងដែលមានសុវត្ថិភាព ឲ្យដឹងថា
រូបលោកកំពុងរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច។ លោកបន្តថា
ការពន្លឿននីតិវិធីតាមផ្លូវតុលាការ
និងបង្ខំផ្អាកសកម្មភាពអង្គការរបស់លោកនេះបង្ហាញថា ក្រសួងមហាផ្ទៃ
កំពុងអនុវត្តច្បាប់ដោយបំពាន ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
បានសម្រេចផ្អាកសកម្មភាពរបស់អង្គការសម្ព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា
កាលពីថ្ងៃទី៣១ ខែតុលា ក្រោយលោក ឡេង សេងហុង
ដែលជាប្រធានអង្គការប្រកាសធ្វើបាតុកម្មដោយសន្តិវិធីប្រឆាំងនឹងការរំលាយបក្សសង្គ្រោះជាតិ។
នៅក្នុងលិខិតដែលចុះហត្ថលេខារបស់លោក ស ខេង បានចោទប្រកាន់ថា
ស្ថាប័នដែលមិនរកប្រាក់កម្រៃក្រៅរដ្ឋាភិបាលរបស់លោក ឡេង សេងហុង នេះ
អនុវត្តរំលោភច្បាប់។
នេះមែនមែនជារឿងថ្មីទេដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន
កម្ទេចសំឡេងសង្គមស៊ីវិលដែលតែងរិះគន់រឿងនយោបាយ និងបញ្ហាសង្គម។
កាលពីដើមខែកញ្ញា
រដ្ឋាភិបាលសម្រេចបិទទ្វារវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI)
ដោយចោទប្រកាន់ថា វិទ្យាស្ថានដែលគាំទ្រថវិកាពីសហរដ្ឋអាមេរិកនេះ
នៅពីក្រោយខ្នងនៃបេសកកម្មរៀបចំបដិវត្តពណ៌ប្រឆាំងនឹងរដ្ឋាភិបាលរបស់គណបក្សសង្គ្រោះជាតិ។
ក្រសួងមហាផ្ទៃ ក៏បានចេញប្រកាសលុបឈ្មោះអង្គការមាតាធម្មជាតិ
ចេញពីបញ្ជីឈ្មោះអង្គការសមាគមមិនមែនរដ្ឋាភិបាល
រួមទាំងបានផ្អាកសកម្មភាពបណ្ដោះអាសន្នរបស់អង្គការសមធម៌កម្ពុជា
កាលពីថ្ងៃទី២៨ ខែកញ្ញា។ ការបិទទ្វារ
និងការផ្អាកសកម្មភាពបណ្ដោះអាសន្នប្រឆាំងនឹងក្រុមសង្គមស៊ីវិលទាំងនេះ
ក្រោមហេតុផលថា
អង្គការទាំងនោះបានអនុវត្តផ្ទុយទៅនឹងច្បាប់ស្ដីពីអង្គការ-សមាគមមិនមែនរដ្ឋាភិបាល។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពកម្ពុជា លោក សន ជ័យ យល់ឃើញថា
មុននឹងផ្អាកសកម្មភាពរបស់អង្គការណាមួយ
ឬដាក់ឲ្យស្ថាប័នណាមួយស្ថិតក្រោមការតាមដានពីកម្លាំងសមត្ថកិច្ច
យ៉ាងហោចណាស់ក្រសួងមហាផ្ទៃ
ត្រូវបើកការពិគ្រោះយោបល់ជាមុនសិនជាមួយភាគីដែលត្រូវចោទប្រកាន់នោះ ។
លិខិតផ្អាកសកម្មភាពរបស់លោក ស ខេង
ដែលសម្រេចឲ្យអង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា
មិនដំណើរការក្នុងរយៈពេល ៦០ថ្ងៃ
គឺស្នើឲ្យស្ថាប័នក្រៅរដ្ឋាភិបាលមួយនេះ
ត្រូវបំពេញបែបបទមួយចំនួនឡើងវិញ។ ក្រសួងមហាផ្ទៃ យល់ឃើញថា
អង្គការនេះ ក្រៅពីអនុវត្តលើសពីច្បាប់ស្ដីពីអង្គការ-សមាគមហើយ
ក្នុងនោះថែមទាំងមិនបានបំពេញតាមទៅតាមលក្ខខណ្ឌមួយចំនួនទៀត ដូចជា
របាយការណ៍ហិរញ្ញវត្ថុ និងសកម្មភាពការងារជាដើម។
លោក ឡេង សេងហុង បញ្ជាក់ថា
លោកនឹងបំពេញបែបបទមួយចំនួនទៅតាមការទាមទាររបស់ក្រសួងមហាផ្ទៃ
ក្នុងអំឡុងពេល ៦០ថ្ងៃនេះ។ ប៉ុន្តែលោកមានជំនឿថា
ការស្នើរបស់ក្រសួងមហាផ្ទៃនេះ
គ្រាន់តែជាការរំខានដំណើររបស់សមាគមលោក
ដោយមិនអនុញ្ញាតឲ្យធ្វើបាតុកម្មអហិង្សាប៉ុណ្ណោះ។ លោក ឡេង សេងហុង
បញ្ជក់ជំហរថា លោកនៅតែធ្វើបាតុកម្មប្រឆាំងដដែល
ប្រសិនបើគណបក្សប្រឆាំងត្រូវបានគេរំលាយចោលនោះ។ លោកថា
បំណងប្រាថ្នារបស់លោកមិនមែនចង់ការពារគណបក្សសង្គ្រោះជាតិទេ
ប៉ុន្តែគឺដើម្បីការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ដែលកូនខ្មែរគ្រប់រូបមានសិទ្ធិចូលរួមការពារស្របតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់រដ្ឋ៕
Pdach Mok
Thursday, November 2, 2017