Views
ប្រភពថ្មី ៗ ៖ លោកនាយករដ្ឋមន្ត្រីហូឡង់ Mark Rutte កាលពីពេលថ្មីៗកន្លងមកនេះ បានជិះកង់ទៅកាន់រាជវាំង Noordeinde Palace ដើម្បីថ្វាយរបាយការណ៍ដល់ព្រះមហាក្សត្រ ស្តីពីការបង្កើតរដ្ឋាភិបាលថ្មីរបស់លោក។ រូបថតដែលបង្ហាញពីសកម្មភាពលោក Mark Rutte ទុកកង់នៅមុខវាំង មានការទាក់ទាញយ៉ាងខ្លាំងនៅលើបណ្តាញអ៊ីនធ័រណិត។
លោក Mark Rutte បានកាន់តំណែងជានាយករដ្ឋមន្ត្រីហូឡង់តាំងពីឆ្នាំ២០១០ មក ។ ក្រោយការបោះឆ្នោតសភា កាលពីខែ១៥ ខែមិនា កន្លងទៅ គណបក្ស People’s Party for Freedom and Democracy (VVD) បានចងសម្ព័ន្ធភាពជាមួយគណបក្ស៣ទៀត ដោយលោក Mark Rutte ត្រូវបន្តដឹកនាំរដ្ឋាភិបាល ហើយត្រូវរុះរើគណរដ្ឋមន្ត្រីជាលើកទីបី។
សមាភាពរដ្ឋមន្ត្រីថ្មីពិតជាផ្តល់នូវការចាប់អារម្មណ៍ច្រើន ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គម និងបណ្តាព័ត៌មានមួយចំនួន ពួកគេបាននាំគ្នាផ្តោតលើទម្លាប់ដ៏សាមញ្ញរបស់លោកនាយករដ្ឋមន្ត្រី Mark Rutte។ កាលពីពាក់កណ្តាលខែតុលាកន្លងមក មេដឹកនាំហូឡង់វ័យ៥០ឆ្នាំរូបនេះ បានជិះកង់ទៅកាន់ព្រះរាជវាំង Noordeinde Palace ក្រុងឡាអេ ដើម្បីរាយការណ៍ថ្វាយព្រះមហាក្សត្រ Willem-Alexander ទាក់ទងនឹងសមាសភាពរដ្ឋាភិបាលថ្មី។
លោក Mark Rutte ត្រូវបានចាត់ទុកថា ជាមេដឹកនាំម្នាក់ដែលស្រឡាញ់បរិស្ថានបំផុត ហើយលោកចូលចិត្តជិះកង់។ សម្រាប់សមាសភាពរដ្ឋាភិបាលថ្មី លោក Rutte ក៏មានកម្មវិធីនយោបាយក្នុងការទប់ស្កាត់ការបំពុលបរិយាកាស ដែលជះផលមិនល្អលើសុខភាពប្រជាពលរដ្ឋ។
លោក Karel van Oosterom តំណាងអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិប្រចាំប្រទេសហូឡង់ បាន បង្ហោះរូបថតលោក Mark Rutte ដែលជិះកង់ ហើយចាក់សោរទុកនៅមុខព្រះបរមរាជវាំង នៅលើបណ្តាញសង្គម Twitter របស់ខ្លួនផងដែរ។
កាលពីខែមិថុនា កន្លងទៅ ក្នុងជំនួបផ្លូវរដ្ឋ លោក Rutte បានផ្តល់អំណោយកង់មួយគ្រោះដល់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។ រូបថតរបស់លោក Rutte ត្រូវបានសារព័ត៌មានជាច្រើនលើពិភពលោក យកទៅសរសេរដោយបង្កប់ន័យរិះគន់ថ្នាក់ដឹកនាំរបស់ខ្លួន ដោយពួកគេលើកឡើងថា ថ្នាក់ដឹកនាំនៅប្រទេសអ្នកមានដូចជាហូឡង់ បែរជាជ្រើសរើសការជិះកង់ ខណៈថ្នាក់ដឹកនាំនៅប្រទេសក្រីក្រ បែរជាគិតគូរតែលើការប្រើប្រាស់រថយន្តទំនើបៗ ៕
Pdach Mok
Thursday, November 2, 2017