Views
ប្រភពHRN ៖ រដ្ឋាភិបាលកម្ពុជា គ្រោងខ្ចីថវិកាប្រមាណ ១,៤ ពាន់លានដុល្លារបន្ថែមពីម្ចាស់ជំនួយនិងប្រទេសជាដៃគូអភវិឌ្ឍន៍ ដើម្បីបង្គ្រប់ទិសដៅថវិកាជាតិសម្រាប់ឆ្នាំ ២០១៨ ដែលនឹងធ្វើឲ្យបំណុលសាធារណៈរបស់កម្ពុជាកើនដល់ ៧,៦ពាន់លានដុល្លារ ខណៈបច្ចុប្បន្នមានត្រឹម ៦,២ ពាន់លានដុល្លារ ។
កម្រិតបំណុល ជិត ៨ ពាន់លានដុល្លារនេះ បើធៀបទៅនឹងប្រជាជនកម្ពុជាជាង ១៥ លាននាក់នោះ មានន័យថា ពលរដ្ឋកម្ពុជាម្នាក់ជំពាក់បំណុលបរទេស កើនដល់ជាង ៥០០ ដុល្លារអាមេរិក ខណៈប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ពលរដ្ឋកម្ពុជាម្នាក់ៗ ប្រមាណជា ១ ពាន់ដុល្លារ ប៉ុណ្ណោះ ។
ក្នុងខ្លឹមសារសង្ខេបប្រតិបត្តិស្តីពី «សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ ២០១៨ » ចេញផ្សាយកាលពីថ្ងៃទី ២៧ តុលា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា រដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិ សម្រាប់ឆ្នាំ២០១៨ មានចំនួន ២៤ ៣៧៥ ១០២លានរៀល ឬត្រូវនឹងជិត៦ពាន់លានដុល្លារ ដែលនឹងធ្វើឲ្យកញ្ចប់ថវិកាជាតិឆ្នាំថ្មី កើនឡើង ១៥,២ ភាគរយ បើធៀបនឹងឆ្នាំ២០១៧នេះ។ ក្នុងនោះ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច មានគំរោងខ្ចីបរទេសបន្ថែម នូវទឹកប្រាក់ប្រមាណ ១ ពាន់លានអេសដេអ៊ែ ឬ ១,៤ពាន់លានដុល្លារ។
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ក្នុងសេចក្តីព្រាងរបស់ខ្លួននោះថា ពិដានបំណុល ដែលបានខ្ចីនេះ គឺមិនប៉ះពាល់ដល់ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជានោះទេ ដោយសារកម្រិតស្ថានភាពបំណុលទាំងនោះនៅតែមានចីរភាព និងហានិភ័យកម្រិតទាបក្នុងរយៈពេលមធ្យមដដែល ។
បើតាមខ្លឹមសារឯកសារដដែល រដ្ឋាភិបាល នឹងខ្លីលុយពីស្ថាប័នដៃគូអភិវឌ្ឍន៍និងប្រទេសធំៗចំនួន ៧ រួមមាន ធនាគារពិភពលោក ធានាគារអភិវឌ្ឍន៍អាស៊ី ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង បារាំ និងប្រទេសឥណ្ឌា ខណៈចិន នៅតែជាប្រទេសនាំមុខ ខាងផ្តល់កំចីហិរញ្ញវត្ថុដល់កម្ពុជា។
អ្នកនាំពាក្យគណៈបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា លោក សុន ឆ័យ មានប្រសាសន៍ថាលោកមានការព្រួយបារម្ភចំពោះកំណើននៃបំណុលកម្ពុជាជំពាក់បរទេសដែលចេះតែកើនឡើងនេះ។ លោកបន្ថែមថា ចំពោះថវិកាជាតិដែលចំណាយជារៀងរាល់ឆ្នាំគឺមានចំនួនច្រើនតែលទ្ធផលដែលកើតចេញពីថវិការនោះ គឺ មិនសមាមាត្រទៅនឹងថវិការទាំងនោះទេ។
លោកថា៖ «កំណើនសេដ្ឋកិច្ចកន្លងទៅប្រហាក់ប្រហែលនឹង ៧ ភាគរយ គឺភាគច្រើនការកើនសេដ្ឋកិច្ចហ្នឹង គឺ ចេញពីការខ្ចីលុយគេទេ។…ហើយលទ្ធភាពនៃការសងគឺកាន់តែលំបាក ព្រោះថវិកានោះឡើងកាន់តែច្រើន ហើយយើងចាប់សងគេបណ្តើរហើយ តាមខ្ញុំដឹង ។ គ្រាន់តែការប្រាក់ជាង ២០០ លានក្នុងមួយឆ្នាំ ដូច្នេះធ្វើឲ្យសេដ្ឋកិច្ចរបស់យើងកាន់តែលំបាក»។
លោកថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់ពង្រឹងឡើងវិញនូវការពិនិត្យ និងតាមដានពីថវិកាជាតិឲ្យកាន់តែតឹងរឹង ជាពិសេសត្រូវពិនិត្យមើលពីការប្រើប្រាស់ថវិកាជាតិខុសពីទិសដៅ។
លោកថា៖ « រដ្ឋសភា ថវិកាជាតិឆ្នាំក្រោយហ្នឹងទ្វេរមួយជាពីរហើយ មិនដឹងពង្រីកជាពីរធ្វើអីទេ យើងបានស្នើធ្វើការពង្រីកតំណាងរាស្ត្រមិនធ្វើទេ តែទៅពង្រីកការចំណាយទ្វេរមួយជាពីរ ហើយគ្មានតម្លាភាពទៀត» ។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅកម្ពុជា លោក ង៉ែត ជូ យល់ថា បើទោះបីបំណុលកម្ពុជាកើនឡើងជាង១ពាន់លានបន្ថែមទៀតក៏ដោយ លោកមើលឃើញថា កម្ពុជានៅតែអាចឆ្លើយតបបាន តែលោកថាអ្វីដែលលោកព្រួយបារម្ភនោះ គឺប្រសិទ្ធភាព និងតម្លាភាពនៃថវិកា ដែលបានខ្ចីទាំងនោះ។
លោកថា៖ «ខ្ញុំគិតថា មិនទាន់ជាបញ្ហាទេ តែរដ្ឋាភិបាលត្រូវត្រៀមខ្លួនដែរ ត្រូវត្រៀមខ្លួនរៀបចំដែរ។ រៀបចំទៅថ្ងៃអនាគត គឺកាត់បន្ថយការខ្ចីបុល ពីបរទេសព្រោះយើងជិតដល់កម្រិត ដែលខ្ញុំបានលើកឡើងគឺកម្រិត ត្រឹម៥០ភាគរយ នៃGDP អញ្ចឹងកម្រិតវាកំណត់ហើយយើងនៅតែបន្តខ្ចីទៀតវាធ្វើឲ្យសេដ្ឋកិច្ចងាយរងគ្រោះ»។
បើតាមសេចក្តីព្រាងថវិកាជាតិសម្រាប់ឆ្នាំ២០១៨ នោះ កញ្ចប់ថវិកាជាតិ សម្រាប់វិស័យអប់រំ ត្រូវបានស្នើឡើងប្រហែលនឹង ៨៣៦លានដុល្លារ ខណៈដែលគម្រោងចំណាយសម្រាប់ក្រសួងសាធារណការ មានចំនួនស្មើនឹងជាង ៦០១លានដុល្លារ ហើយក្រសួង ដែលស្រូបយកកញ្ចប់ថវិកាជាតិច្រើនលំដាប់ទី៤ គឺក្រសួងការពារជាតិ ដែលត្រូវបានស្នើនូវថវិកាចំនួនស្មើនឹងជាង ៥៣៤លានដុល្លារ៕