Views
ប្រភពវិទ្យុបារាំង ៖ ក្រសួងការបរទេសកម្ពុជាបានប្រកាសជាផ្លូវការហើយនៅថ្ងៃទី០១ខែវិច្ឆិកានេះ ស្តីពីការប្តឹងទៅអង្គការហាមឃាត់អាវុធគីមី ដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហូឡង់។ ការប្រកាសប្តឹងទៅកាន់អង្គការអន្តរជាតិនៅពេលនេះ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរកម្ពុជាបានរកឃើញអាវុធគីមីរបស់អាមេរិក កាន់តែច្រើនទៅៗនៅលើទឹកដីប៉ែកខាងកើតរបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់ សុខុន កាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០១៧ កន្លងទៅ បានផ្ញើលិខិតជូនលោក Ahmet Uzumcu អគ្គនាយកនៃអង្គការហាមឃាត់អាវុធគីមី ដោយជម្រាបពីការរកឃើញអាវុធគីមីនៅកម្ពុជានិងស្វែងរកជំនួយរបស់អង្គការហាមឃាត់អាវុធគីមីមួយនេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រសួងការបរទេសកម្ពុជានៅថ្ងៃពុធនេះ លោកប្រាក់ សុខុន បានលើកឡើងពីវត្តមានរបស់អាវុធគីមី ដែលត្រូវបានរកឃើញជាបន្តបន្ទាប់នៅលើទឹកដីកម្ពុជា ក្នុងនោះមានការរកឃើញអាវុធគីមីនៅខេត្តមណ្ឌលគីរី កាលពីខែមេសាឆ្នាំ២០១២ ត្រូវបានពិនិត្យនិងបញ្ជាក់ដោយអ្នកជំនាញមកពីអង្គការហាមឃាត់អាវុធគីមី។
កាលពីពេលថ្មីៗនេះ ពោលគឺនៅដើមខែតុលាឆ្នាំ២០១៧ សមត្ថកិច្ចបានយកចេញកាកសំណល់អាវុធមួយចំនួនពីសាលាបឋមសិក្សាគគីរ ក្នុងខេត្តស្វាយរៀង ដែលក្រោយមកត្រូវបានបញ្ជាក់ដោយអ្នកជំនាញពីអាជ្ញាធរជាតិអាវុធគីមី និងមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC) ថាសារធាតុដែលរកឃើញនៅក្នុងអាវុធទាំងនោះ ស៊ីគ្នាទៅនឹងនិយមន័យអាវុធគីមី ដែលចែងក្នុងមាត្រាII កឋាខណ្ឌ១នៃអនុសញ្ញាស្តីពីអាវុធគីមី និងពិនិត្យឃើញមានជនរងគ្រោះមួយចំនួនផងនៅទីនោះ។ ជារួមមានទីតាំងចំនួន៣៤កន្លែង ដែលត្រូវបានរកឃើញថាមានផ្ទុកអាវុធប្រភេទដូចគ្នានេះ នៅទូទាំងប្រទេស។
ការសម្រេចសរសេរលិខិតទៅប្តឹងអង្គការអន្តរជាតិខាងអាវុធគីមីនេះ ត្រូវគេមើលឃើញថា បានធ្វើឡើងបន្ទាប់ពី កម្ពុជា និងអាមេរិក កំពុងខ្វែងគំនិតគ្នាលើបញ្ហា វត្តមានគ្រាប់បែកនៅក្នុងខេត្តស្វាយរៀង។ កាលពីថ្ងៃទី១៩ ខែតុលាកន្លងទៅ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានហៅការរកឃើញគ្រាប់បែកដែលមានការភ្ញាក់ផ្អើលនៅខេត្តស្វាយរៀងនេះថាជាគ្រាប់បែកបង្ហូរទឹកភ្នែក។ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានអះអាងថាវត្តមានគ្រាប់បែកដែលកម្ពុជាទើបរកឃើញ ក្នុងឃុំគគីរ និងទីតាំងជាច្រើនទៀត គឺជាគ្រាប់បែកគីមីដែលទម្លាក់ដោយអាមេរិកនាទសវត្ស១៩៧០។
ទោះយ៉ាងណាគេនៅមិនទាន់ទទួលបានការឆ្លើយតបនៅឡើយពីអង្គការហាមឃាត់អាវុធគីមី ខណៈដែលកម្ពុជាបានបញ្ជាក់តាមលិខិតរបស់ខ្លួន ដោយស្នើសុំជំនួយពីអង្គការអន្តរជាតិនេះ ក្នុងដំណើរការផ្ទៀងផ្ទាត់ គ្រឿងផ្ទុះទាំងអស់នៅតាមទីតាំងដែលបានស្គាល់រួចហើយ និងជំនួយដើម្បីគាំទ្រដល់ការស្រាវជ្រាវបន្ថែមទៀតអំពីផលប៉ះពាល់នៃអាវុធគីមី ព្រមទាំងការបោសសំអាតនិងបំផ្លាញអាវុធទាំងនេះទៅអនាគត៕
Pdach Mok
Thursday, November 2, 2017