Views
ប្រភពវីអូអេ ៖ សមាជិកព្រឹទ្ធសភាអាមេរិកាំងដ៏មានឥទ្ធិពលម្នាក់ គឺលោក Ted Cruz បានធ្វើការព្រមានជាថ្មីឱ្យអាជ្ញាធរកម្ពុជាដោះលែងលោក កឹម សុខា ប្រធានគណបក្សបក្សសង្គ្រោះជាតិត្រឹមថ្ងៃទី ៩ ខែវិច្ឆិកា បើសិនជាមិនចង់ទទួលទណ្ឌកម្មពីសហរដ្ឋអាមេរិក ។
នៅក្នុងសារតាមទំព័រធ្វីតធឺកាលពីព្រឹកថ្ងៃអង្គារលោក Ted Cruz បានសរសេរថា៖
«ដំណឹងអាក្រក់។ ប្រសិនបើលោក កឹម សុខា មិនត្រូវបានដោះលែងនៅត្រឹមថ្ងៃទី៩ ខែវិច្ឆិកាទេ ខ្ញុំនឹងធ្វើការងារដើម្បីហាមឃាត់អ្នកដែលទទួលខុសត្រូវលើបញ្ហានេះ មិនឱ្យធ្វើដំណើរចូលមកសហរដ្ឋអាមេរិកទេ»។
ការព្រមានដូចនេះ កើតមានឡើងបន្ទាប់ពីលោកបានសរសេរលិខិតមួយទៅឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៣ខែតុលាស្នើសុំឱ្យកម្ពុជាដោះលែងមេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារពីបទក្បត់ជាតិដោយសារការចោទប្រកាន់ថាបានឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិក។
គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសកម្ពុជាក៏ប្រឈមមុខនឹងការរំលាយចោលផងដែរដោយសារតែការចោទប្រកាន់នេះ។
តុលាការបានកំណត់ថ្ងៃទី ១៦ ខែវិច្ឆិកាដើម្បីបើកសវនាការលើពាក្យបណ្តឹងរំលាយគណបក្សដែលបានដាក់ប្តឹងដោយក្រសួងមហាផ្ទៃកម្ពុជា។
អាជ្ញាធរកម្ពុជាបានបញ្ចេញប្រតិកម្មជាបន្តបន្ទាប់ក្នុងពេលកន្លងមកជានេះជាការអនុវត្តច្បាប់របស់កម្ពុជាហើយប្រទេសកម្ពុជាជារដ្ឋអធិបតេយ្យដែលមិនទទួលយកគំនាបពីបរទេសទេ។
លោកផៃ ស៊ីផានរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានហៅថានេះ «គឺជាការប្រមាថ និងឈ្លានពានដល់កិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យដែលមិនក្រោមចំណុះ»៕
Pdach Mok
Wednesday, November 1, 2017