Views
ក្រសួងមហាផ្ទៃផ្អាកអង្គការសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជាក្រោយពីប្រធានអង្គការនេះអំពាវនាវហៅសមាជិក សមាជិក ព្រះសង្ឃ និង ពលរដ្ឋខ្មែរទូទាំងប្រទេសប្រើសិទ្ធិចូលរួមបាតុកម្មអហិង្សាប្រឆាំងនឹងផែនការរំលាយគណបក្សសង្រ្គោះជាតិ ។
សេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ បានប្រាប់ទៅប្រធានអង្គការនេះថា បានធ្វើការងារ
បំពានច្បាប់ស្ដីពីសមាគម និង អង្គការមិនមែនរដ្ឋាភិបាល ត្រង់មាត្រា ២៤ និង អនុវត្តបំពានមាត្រា ៦ នៃលក្ខន្តិកៈអង្គការដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងមិនបានបំពេញលក្ខខណ្ឌតម្រូវតាមការកំណត់ដោយបទប្បញ្ញត្តិមាត្រា ១០ និង មាត្រា ២៥ នៃច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលក្រសួងមហាផ្ទៃកំណត់ឱសានវាទអោយត្រឹមថ្ងៃទី ៣១ កញ្ញា ឆ្នាំ២០១៧ ។
ប៉ុន្តែយ៉ាងណាក៏ដោយ ការសម្រេចបិទដោយក្រសួងមហាផ្ទៃនេះ គេសង្កេតឃើញថា បានធ្វើឡើង ក្រោយពេល លោក ឡេង សេងហុង ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាបានចេញលិខិតមួយជាផ្លូវការ អំពាវនាវទៅដល់សមាជិកសមាជិការបស់ខ្លួននៅទូទាំងប្រទេស និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រៀមខ្លួនធ្វើបាតុកម្មប្រឆាំងផែនការរំលាយគណបក្សសង្រ្គោះជាតិពីសំណាក់រដ្ឋាភិបាល ។
លើសពីនេះទៀត ពាក់ព័ន្ធនឹងអំពាវនាវអោយធ្វើបាតុកម្មនេះ លោក ឡេង សេងហុង ក៏ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញបានចេញលិខិតកោះហៅឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅអគ្គស្នងការនគរបាលជាតិឲ្យបានមុនថ្ងៃទី ៣០ ខែវិច្ឆិកា ជុំវិញករណីញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ៕
ព័ត៌មានបន្ថែមដែលផ្សាយចេញពីវិទ្យុអាស៊ីសេរីនៅល្ងាចថ្ងៃទី ៣១ នេះថា
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង សេងហុង
នឹងចូលបំភ្លឺជុំវិញករណីបទចោទ
ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍
នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម នៅរសៀលថ្ងៃទី៣១
ខែតុលានេះ។
លោកបានឱ្យអាស៊ីសេរីដឹងកាលពីថ្ងៃទី៣០ ខែតុលា ថា
លោកបានទទួលដីកាកោះរបស់តុលាការកាលពីរសៀលថ្ងៃទី៣០ ខែតុលា
ប៉ុន្តែលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសមត្ថកិច្ចបានបង្ខំរូបលោកឱ្យចូលឆ្លើយបំភ្លឺភ្លាមៗ
នៅល្ងាចថ្ងៃច័ន្ទនេះតែម្ដង។
លោកបានឱ្យដឹងបន្តថា
លោកបានសួរអំពីមូលហេតុដែលបង្ខំឱ្យរូបលោកចូលឆ្លើយបំភ្លឺនេះដែរ
ដោយហេតុថា
ដីកាតុលាការបានទុកពេលឱ្យលោកចូលបំភ្លឺរហូតដល់ថ្ងៃទី៣០
ខែវិច្ឆិកា ឆ្នាំ២០១៧ ប៉ុន្តែសមត្ថកិច្ចមិនបានប្រាប់លោកទេ
ដោយគ្រាន់តែប្រាប់លោកថា ប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម
ក៏ស្ថិតនៅក្រោមក្រសួងមហាផ្ទៃដែរ។
ទោះជាយ៉ាងណាក៏ដោយ លោកបញ្ជាក់គោលជំហរថា
លោកមិនខ្លាចចំពោះការចាប់ឃុំខ្លួនរូបលោកឡើយ
ហើយលោកនឹងចូលបំភ្លឺនៅចំពោះមុខសមត្ថកិច្ចនៅរសៀលថ្ងៃនេះ
ដោយមានមេធាវីអម និងសមាជិករបស់លោកចូលរួមដែរ។
លោកក៏បានថ្លែងបន្តថា លោកមិនបានប្រព្រឹត្តកំហុសអ្វីឡើយ
ហើយគម្រោងធ្វើបាតុកម្មនេះ គឺដើម្បីការពារឆន្ទៈរបស់ប្រជាពលរដ្ឋជាង
៣លាននាក់ ការពារច្បាប់រដ្ឋធម្មនុញ្ញ និងរបបលទ្ធិប្រជាធិបតេយ្យ
ក្នុងករណីដែលតុលាការរំលាយគណបក្សប្រឆាំងតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា
ចំណាត់ការរបស់តុលាការនៅពេលនេះ គឺជាការគាប់សង្កត់ បំបាក់ស្មារតី
និងបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ។
លោក ឡេង សេងហុង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ
បានអំពាវនាវឱ្យសមាជិក សមាជិកា សិស្ស និស្សិត យុវជន ព្រះសង្ឃ
និងប្រជាពលរដ្ឋទូទាំងប្រទេសត្រៀមប្រើប្រាស់សិទ្ធិស្របច្បាប់ធ្វើបាតុកម្មអហិង្សា
ក្នុងករណីតុលាការរំលាយគណបក្សសង្គ្រោះជាតិ៕
Pdach Mok
Tuesday, October 31, 2017