Views
កញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីរបស់លោក កឹម សុខា បាននិយាយថា សហគមន៍អន្តរជាតិមិនបោះបង់ការតស៊ូរបស់គណបក្សប្រឆាំងនៅកម្ពុជាទេ បើទោះបីជាគណបក្សនេះរងការធ្វើទុក្ខបុក ម្នេញខ្លាំងៗពីគណបក្សកាន់អំណាចក៏ដោយចុះ ។
កញ្ញា កឹម មនោវិទ្យា ជឿថា សហគមន៍អន្តរជាតិមិនបោះបង់គណបក្សប្រឆាំង និងការតស៊ូរបស់លោក កឹម សុខា កន្លងមកនោះទេ ។
លើសពីនេះទៀត កញ្ញាយល់ថា ដំណាក់កាលដ៏លំបាករបស់គណបក្សសង្រ្គោះជាតិនាពេលនេះ មិនមែនជាលើកទីមួយទេ និង សង្ឃឹមថា ប្រសិនបើអាចឆ្លងផុតដំណាក់កាលនេះម្ដងទៀត គណបក្សសង្រ្គោះជាតិប្រាកដជានឹងទទួលបានជ័យជំនះ ពោលគឺ នឹងសម្រេចគោលដៅយ៉ាងពិតប្រាកដ ។
កញ្ញា កឹម មនោវិទ្យា អោយដឹងបែបនេះថា ៖ « ឆ្លងកាត់អស់ហើយ ការយាយីផ្លូវកាយ ផ្លូវច្បាប់ លាបពណ៌ ច្រណែនឈ្នានីសជាដើម លើកនេះនឹងឆ្លងរួចទៀត ហើយទៅដល់គោលដៅតែម្តង ពិភពលោកឈរជាមួយការតស៊ូរបស់លោក កឹម សុខាដែលជាអ្នកនយោបាយខ្មែរថ្លៃថ្នូរហ៊ានលះបង់ដែលអន្តរជាតិយកចិត្តទុកដាក់បំផុត » ។
កញ្ញា កឹម មនោវិទ្យា អោយដឹងបែបនេះនៅលើទំព័រហ្វេសប៊ុករបស់កញ្ញាដោយផ្ទាល់ កាលពីព្រឹកថ្ងៃទី ៣០ ខែតុលា ខណៈដែលលោក កឹម សុខា ជាឪពុកកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ដោយរងបទចោទប្រកាន់ពីបទក្បត់ជាតិ ។
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ កាលពីនៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៧ ។
រហូតមកទល់នឹងពេលនេះ ការឃុំខ្លួនលោក កឹម សុខា មានរយៈពេល ២ ខែកន្លងទៅហើយ ជាមួយនឹងការថ្កោលទោសពីសហគមន៍អន្តរជាតិយ៉ាងខ្លាំងក្លា ។
កញ្ញា កឹម មនោវិទ្យា ជឿជាក់ថា ការតស៊ូ និង ការប្រកាសទាមទារពីសហគមន៍អន្តរជាតិជាបន្តបន្ទាប់កន្លងមកនេះនឹងអាចជួយអោយឳពុករបស់កញ្ញាអាចរួចផុតពីការឃុំខ្លួននាពេលនេះបាន។
កាលពីថ្ងៃទី ២៣ តុលា សមាជិកសភារបស់សហរដ្ឋអាមេរិក និង ជាអតីតបេក្ខជនប្រធានាធិបតី មួយរូប ក៏ធ្លាប់បានដាក់ឱសានវាទឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជាបន្ទាន់ដែរ បើមិនដូច្នេះទេ សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្ម លើមន្ត្រីរដ្ឋាភិបាលមិនឲ្យចូលទឹកដីអាមេរិក។
ការព្រមានដាក់ឱសានវាទនេះ ធ្វើឡើងតាមរយៈសារលិខិតមួយច្បាប់របស់សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណៈលោក ថិត គ្រូស (Ted Cruz) ដែលផ្ញើជូនទៅអគ្គរាជទូតខ្មែរប្រចាំសហរដ្ឋអាមេរិកលោក ជុំ ប៊ុនរ៉ុង។
នៅក្នុងសារលិខិតចុះថ្ងៃទី ២៣ ខែតុលា លោក ថិត គ្រូស ទុកពេលឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន រហូតដល់ត្រឹមថ្ងៃទី ៩ ខែវិច្ឆិកាដើម្បីដោះលែងលោក កឹម សុខា។ លោក ថិត គ្រូស បញ្ជាក់បន្ថែមថា ប្រសិនបើលោក ហ៊ុន សែន មិនដោះលែងលោក កឹម សុខា ត្រឹមថ្ងៃទី ៩ ខែវិច្ឆិកាខាងមុខនេះទេ លោកនិងសមាជិកសភាអាមេរិកដទៃទៀតក្នុងរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)នឹងចាត់វិធានការដាក់ទណ្ឌកម្មមន្ត្រីមួយចំនួនក្នុងជួររដ្ឋាភិបាលកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងការធ្វើទុកបុកម្នេញបក្សប្រឆាំងនេះ ដោយហាមឃាត់ មិនឲ្យធ្វើដំណើរមកកាន់ទឹកដីសហរដ្ឋអាមេរិកឡើយ ៕
Pdach Mok
Wednesday, November 1, 2017