Views
នៅម៉ោង ១២ និង ៣៤ នាទី រសៀលថ្ងៃទី ៣០ តុលា ២០១៧ នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្រ្តីបានចេញមុខការពារត្រកូលហ៊ុនរឿងលាក់លុយនៅក្រៅប្រទេសរាប់រយលានដុល្លារ ហើយចាត់ទុកព័ត៌មានដែលលោក ម៉ែន ណាតចុះផ្សាយនោះថាជារឿងបរិហារកេរ្តិ៍សាធារណៈ ។
“យើងមិនដែលចាប់អារម្មណ៍ទៅនឹងការរិះគន់នេះទេ ប៉ុន្តែយើងសុំបំភ្លឺសាធារណជនថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយករដ្ឋមន្រ្តីកម្ពុជា គ្មានលុយឯណារាប់រយលានដុល្លារទៅដាក់នៅក្រៅប្រទេសទេ... ក្នុងនាមអ្នកនាំពាក្យរដ្ឋាភិបាល ករណីនេះ ជារឿងបរិហារកេរ្តិ៍សាធារណៈសុទ្ធសាធ គ្មានភស្តុតាងច្បាស់លាស់ ”។
លោក ផៃ ស៊ីផាន បន្ថែមថា លោក ហ៊ុន ម៉ាណែត មានតែការងារមនុស្សធម៌ ដែលលោកត្រូវគិតគូរ ហើយថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏ធ្លាប់បដិសេធហើយថា គ្រួសារសម្ដេចគ្មានលុយឯណារាប់រយលានដុល្លារទៅដាក់នៅក្រៅប្រទេសដែរ ។
នៅលើទំព័រហ្វេសប៊ុករបស់លោក ម៉ែន ណាត បានផ្សាយនៅព្រឹកថ្ងៃចន្ទនេះថា លោក ហ៊ុន ម៉ាណែត លាក់លុយនៅធានាគារបារាំង ប្រមាណ ២០០ លានដុល្លារ និងមានឈ្មោះក្នុងបញ្ជីដេញថ្លៃ ទីស្នាក់ការបក្ស Le Parti socialiste ទឹកប្រាក់កើនឡើង ៥៨,៥ លានអឺរ៉ូ។
និងថា ហ៊ុន ម៉ាណែត មានឈ្មោះនៅក្នុងបញ្ជីដេញថ្លៃ អគារគណបក្សប្រជាធិបតេយ្យសង្គម (Le Parti socialiste) ក្នុងទឹកប្រាក់ប្រមាណ ៥៧ លានអឺរ៉ូ កាលពីខែកញ្ញា ២០១៧។ រហូតមកដល់ពេលនេះ ហ៊ុន ម៉ាណែត ហ៊ានដេញថ្លៃកើនឡើង នូវទឹកប្រាក់ ៥៨,៥ លានអឺរ៉ូហើយ។ អគារនេះ បានដាក់ឲ្យដេញថ្លៃ កាលពីខែកញ្ញា ឆ្នាំ២០១៧ ដែលមានតម្លៃចន្លោះពី ៤០លានអឺរ៉ូ ទៅ៧០លានអឺរ៉ូ ។
អគារ Le Parti socialiste គឺជាទីស្នាក់ការកណ្តាលគណបក្ស របស់អតីតប្រធានាធិបតី François Hollande ស្ថិតនៅផ្លូវ rue de Solférino សង្កាត់ទី៧ ទីក្រុងប៉ារីស (7e arrondissement de Paris) ដែលមានទំហំ៣០០០ម៉ែត្រការ៉េ។ (កាសែតឡឺម៉ុងដ៍ Le Monde, ចំណងជើង៖ Le Parti socialiste va mettre en vente son siège rue de Solférino, 09-9-2017)។
មន្រ្តីរដ្ឋាភិបាលកម្ពុជាបានលើកឡើថា ការរិះគន់ និង ចោទទាំងនេះ មិនមែនជាលើកទី ១ ទេ ហើយថា លោក ហ៊ុន សែន និង ក្រុមគ្រួសារមិនចាប់អារម្មណ៍ក្នុងរឿងនេះទេ ៕