Views
ប្រភពអាស៊ីសេរី ៖ ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៧ គឺជាខួប ១៣ ឆ្នាំ នៃការសោយរាជ្យបល្ល័ង្ករបស់ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី។ ពលរដ្ឋ និងយុវជន មើលឃើញពីភាពរីកចម្រើន និងភាពសុខសាន្ដរបស់កម្ពុជា នៅក្នុងរជ្ជកាលរបស់ព្រះបាទនរោត្តម សីហមុនី ប៉ុន្តែពួកគេស្នើព្រះអង្គចូលរួមព្រះរាជសកម្មភាពនៅក្នុងសង្គមបន្ថែមទៀត ។
យុវជនកាយរឹទ្ធិរាជធានីភ្នំពេញម្នាក់ ឈ្មោះ ឡុង ច័ន្ទដេវីត យល់ថា ប្រសិនបើព្រះមហាក្សត្រចូលរួមព្រះរាជសកម្មភាពការពារព្រៃឈើ ដូចជាព្រៃឡង់ អារ៉ែង ជាមួយពលរដ្ឋក្នុងសហគមន៍ព្រៃឈើ នោះនឹងធ្វើឲ្យការកាប់បំផ្លាញព្រៃឈើ ត្រូវបានថមថយ។
ចំណែកយុវតីម្នាក់ទៀត គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យទួលទំពូង កញ្ញា ឡាយ ស្រីពេជ្រ ចង់ឃើញព្រះមហាក្សត្រចូលរួមនៅក្នុងសកម្មភាពយុវជន។ ស្រីពេជ្រ មើលឃើញថា ព្រះរាជសកម្មភាព ព្រះមហាក្សត្របានចូលរួមច្រើន ក្នុងសកម្មភាពមនុស្សធម៌ ជាមួយមនុស្សវ័យចំណាស់។ សិស្សថ្នាក់ទី១២រូបនេះ ក៏ចង់ឃើញព្រះអង្គ ចូលរួមជាមួយក្រុមយុវជនផងដែរ។
យុវជនម្នាក់ទៀត គឺជានិស្សិតនៃសាកវិទ្យាល័យឯកជនមួយ នៅក្រុងភ្នំពេញ ស្នើឲ្យព្រះមហាក្សត្របន្តព្រះរាជសកម្មភាពរបស់ព្រះអង្គសព្វថ្ងៃនៅក្នុងសង្គម។ ថ្វីបើតួនាទី និងសិទ្ធិអំណាចរបស់ព្រះអង្គ នៅក្នុងឆាកនយោបាយ ត្រូវបានរឹតត្បិតដោយច្បាប់ ប៉ុន្តែយុវជនរូបនេះ ចង់ឃើញព្រះរាជសកម្មភាពមនុស្សធម៏ និងកិច្ចការក្នុងសង្គមឲ្យបានច្រើន។
បុរសម្នាក់ ជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ឈ្មោះ ឡា វាញ ចង់ឃើញព្រះមហាក្សត្របច្ចុប្បន្នប្រឡូកសកម្មភាពមនុស្សធម៌ឲ្យបានផុលផុស ដូចព្រះបរមរតនកោដ្ឋ ដែលបន្សល់ទុកស្នាព្រះហស្ថមនុស្សធម៌ជាច្រើននៅក្នុងសង្គម។
ឯពលរដ្ឋរស់នៅរាជធានីភ្នំពេញម្នាក់ទៀត អ្នកស្រី ផាយ សារ៉េត យល់ថា ព្រះមហាក្សត្រ នរោត្តម សីហមុនី បានចូលរួមគ្រប់វិស័យទាំងអស់នៅក្នុងសង្គម។ អ្នកស្រី តែងតែឃើញព្រះភក្ត្ររបស់ព្រះអង្គ នៅជាមួយពលរដ្ឋជួបការលំបាក។ អ្នកស្រី សារ៉េត អះអាងថា ព្រះមហាក្សត្រ នរោត្តម សីហមុនី តែងតែចូលរួមនៅក្នុងសកម្មភាពដាំកូនឈើរាល់ឆ្នាំ។
ចំណែកសកម្មភាពមនុស្សធម៌ដទៃទៀត ពលរដ្ឋយល់ថា ព្រះមហាក្សត្រ អាចមានលទ្ធភាពសុំជំនួយមនុស្សធម៌ផ្នែកការអប់រំ កសិកម្ម សុខាភិបាល ជាដើម ដើម្បីជួយបំពេញបន្ថែមសម្រាប់ការកង្វះខាតក្នុងវិស័យទាំងនេះ។
កន្លងមក គេសង្កេតឃើញថា មានស្នាព្រះហស្ថក្នុងរាជ្យ របស់ព្រះអង្គដែលជាស្នាព្រះហស្ថធំៗដូចជា អគារព្យាបាលមនុស្សចាស់ជរា នរោត្តម សីហនុ ដែលស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពកម្ពុជារុស្ស៊ី (រុស្សី) រាជធានីភ្នំពេញ។ អគារមនុស្សចាស់ជរានេះ គឺព្រះអង្គ ស្ថាបនាដើម្បីរំលឹកដល់ព្រះបិតាព្រះអង្គ គឺព្រះបាទនរោត្តម សីហនុ។ មួយទៀត គឺ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលស្ថិតក្នុងបរិវេណវត្តស្វាយពពែ រាជធានីភ្នំពេញ។ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានអប់រំសម្រាប់ទទួលសិស្សក្រីក្រ ទូទាំងប្រទេស ដែលបញ្ចប់ការសិក្សានៅទុតិយភូមិ ឬ បាក់ឌុប។ ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនី គឺ សម្ដេចព្រះសង្ឃរាជ បួ គ្រី និងជាព្រះរាជគ្រូ របស់ព្រះបាទនរោត្តម សីហមុនី ធ្លាប់មានព្រះរាជបន្ទូលថា កូនខ្មែរក្រីក្រគ្រប់សាសនា សុទ្ធតែអាចចូលរៀនពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីបាន។
អតីតនិស្សិតច្បាប់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា លោក ឡេង សេងហុង ដែលបច្ចុប្បន្នជា ប្រធានសមាគមនិស្សិតបញ្ញវន្តកម្ពុជា អះអាងថា គុណភាពនៃការអប់រំរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅមានកម្រិត ប៉ុន្តែទទួលយកបានសម្រាប់និស្សិតក្រីក្រ។ លោកបានថ្លែងអំណរគុណចំពោះព្រះមហាក្សត្រ សីហមុនី ដែលបង្កើតពុទ្ធិកសាកលវិទ្យាល័យសម្រាប់និស្សិតក្រីក្របានចូលរៀន។
តាមសៀវភៅ ដែលមានចំណងជើងថា អំណាច និងរាជបល្ល័ង្កនៃមហាក្សត្រខ្មែរ សែអង្គឌួង នរោត្តម ស៊ីសុវត្ថិ របស់ លោក ឆាយ សុផល នៅទំព័រ៣១៧ អះអាងថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះបាទនរោត្តម សីហមុនី ត្រូវបានសមាជិកក្រុមប្រឹក្សារាជបល្ល័ងបានសម្រេចជ្រើសរើសព្រះអង្គ ឲ្យឡើងគ្រងរាជ្យបន្តពីព្រះបិតា។ កាលនោះព្រះអង្គមានព្រះជន្ម ៥១ព្រះវស្សា។
មន្ត្រីអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិដីធ្លី និងធនធានធម្មជាតិ នៃសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ យល់ស្របនឹងសំណើរបស់យុវជន ដែលចង់ឲ្យព្រះមហាក្សត្រចេញព្រះភក្ត្រ ការពារព្រៃឈើ។ លោក យល់ថា បើព្រះអង្គចូលរួមសកម្មភាពការពារព្រៃឈើ បទល្មើសព្រៃឈើនឹងថមថយ។ ប៉ុន្ដែទោះយ៉ាងណា សង្គមស៊ីវិលរូបនេះ នៅតែយល់ថា បើមន្ត្រីនៅមូលដ្ឋានធ្វើតាមតែច្បាប់ចែង និងមិនខ្លាចអំណាចឈ្មួញ នោះបទល្មើសព្រៃឈើនឹងថយចុះជាមិនខាន ទោះជាមិនមានវត្តមានព្រះមហាក្សត្រក៏ដោយ។
រដ្ឋធម្មនុញ្ញនៃ ជំពូកទី២ មាត្រា ៧ ចែងថា ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ ឯមាត្រា ៨ វាក្យខណ្ឌទី២ ចែងថា ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ។
ពលរដ្ឋមើលឃើញថា កន្លងមកព្រះមហាក្សត្របានដើរធ្វើព្រះរាជសកម្មភាពចែកអំណោយដល់មនុស្សចាស់ជរាបានច្រើនហើយ ប៉ុន្តែពួកគេចង់ឃើញព្រះអង្គមានព្រះរាជសកម្មភាពបន្ថែមទៀត នៅក្នុងសង្គម ក្រៅពីចែកអំណោយឲ្យចាស់ជរានៅតាមជនបទ៕