Views
ប្រភពឌីធីអិន៧ ៖ ឯកឧត្តម ឌិត មុន្ទី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) ប្រធានតុលាការកំពូល និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានចេញលិខិតផ្លូវការកោះអញ្ជើញប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ដើម្បីឲ្យចូលរួមសវនាកាលនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ វេលាម៉ោង០៨ព្រឹក ក្នុងសំណុំរឿងបណ្តឹងរបស់ក្រសួងមហាផ្ទៃសុំរំលាយគណបក្សសង្គ្រោះជាតិ ខណៈលិខិតអញ្ជើញរបស់តុលាការកំពូលនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលផង រិះគន់ផង ពេញបណ្តាញទំនាក់ទំនងសង្គម Facebook នៅត្រង់ថា ចុះកាលបរិច្ឆេទថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ ពោលគឺកាលបរិច្ឆេទកោះអញ្ជើញចូលរួមសវនាការកើតឡើងក្រោយកាលបរិច្ឆេទសវនាការទៅវិញ (Sic!) ។
ទោះយ៉ាងណា នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៧ នេះ តុលាការកំពូលក៏បានប្រកាសធ្វើការកែតម្រូវកាលបរិច្ឆេទដែលភ័ន្តច្រឡំពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មកជាកាលបរិច្ឆេទចុះថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៧ វិញហើយ ដោយអះអាងថា «មានកំហុសផ្នែកបច្ចេកទេសកុំព្យូទ័រធ្វើឲ្យមានការភ័ន្តច្រឡំនូវកាលចុះកាលបរិច្ឆេទត្រង់ហត្ថលេខា» ។
ក្រុមអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានលើកឡើងថា ពាក់ព័ន្ធនឹងសំណុំរឿងប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិដោយក្រសួងមហាផ្ទៃរហូតបង្កើតបានជាសំណុំរឿងរដ្ឋប្បវេណីលេខ១០គ.ប ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧របស់តុលាការកំពូលនេះ គឺលោកស្រី សែម សក្តិកូឡា ជាចៅក្រមទទួលបញ្ជារបស់ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលធ្លាប់បានចេញដីកាចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧បង្គាប់ឲ្យប្រធានគណបក្សសង្គ្រោះជាតិដាក់ឯកសារត្រៀមឆ្លើយតបទៅនឹងពាក្យបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧របស់ក្រសួងមហាផ្ទៃ ជូនមកតុលាការកំពូលរយៈពេល២០ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលការបញ្ជូនដីកាបង្គាប់ ។
មានន័យថា ទោះបីគណបក្សសង្គ្រោះជាតិដាក់ឯកសារត្រៀមឆ្លើយតបក្តី ឬមិនដាក់ឯកសារត្រៀមឆ្លើយតបក្តី ក៏តុលាការកំពូលត្រូវទុកពេលឲ្យគណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់ត្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ដែរ តែផ្ទុយទៅវិញបែរជាតុលាការកំពូលចេញដីកាកោះអញ្ជើញប្រធានគណបក្សសង្គ្រោះជាតិនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ដើម្បីចូលរួមសវនាកាលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតបង្កឲ្យមានការភ័ន្តច្រឡំកាលបរិច្ឆេទទាំងភ្នែកស្រស់ និងមានការរិះគន់ពេញ Facebook ។
ទាក់ទិននឹងសំណុំរឿងប្តឹងរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំនៅកម្ពុជាមានប្រជាពលរដ្ឋគាំទ្រយ៉ាងតិចជាង៣លាននាក់ ឲ្យបាត់ឈ្មោះពីពិភពនយោបាយកម្ពុជានេះ ធ្លាប់ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងព្យាករណ៍ទុកជាមុនរួចហើយថា ជាង៩៩ភាគរយ គឺគណបក្សសង្គ្រោះជាតិនឹងត្រូវរលាយនៅមុនពេលកាត់ក្តីផ្តន្ទាទោសលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារ ៕