Views
ស្ថាប័នព័ត៌មានឯករាជ្យនៅកម្ពុជា ត្រូវបានគេរកឃើញថា
កំពុងប្រឈម នឹងការគំរាមកំហែង និង ការបំភិតបំភ័យ
ដោយសារតែការបំពេញវិជ្ជាជីវៈឯករាជ្យរបស់ខ្លួន។
ចំពោះស្ថាប័នព័ត៌មានដទៃទៀតដែលមិនឯករាជ្យនោះ
គឺមានជាប់ពាក់ព័ន្ធនឹងអ្នកនយោបាយមកពីគណបក្សកាន់អំណាច
ឬជាមួយម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុ ទាំងនោះ។
មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅថា CCIM បានចេញរបាយការណ៍ស្រាវជ្រាវរបស់ខ្លួន
ដែលរកឃើញថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាប្រឈម
ការគំរាមកំហែង និងការបំភិតបំភ័យកាន់តែខ្លាំងឡើង
ចំពោះស្ថាប័នព័ត៌មានដែលហ៊ានរិះគន់រដ្ឋាភិបាល និងអ្នកមានអំណាច។
របាយការណ៍ចេញនៅថ្ងៃទី៣ តុលា មានចំណងជើងថា “
បញ្ហាប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ២០១៦” វាយតំលៃថា
កម្ពុជា នៅតែបន្តមានពិន្ទុទាបនៅឡើយ
លើចំណាត់ថ្នាក់អន្តរជាតិស្ដីពីសេរីភាពសារព័ត៌មាន។
នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា
ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ណុប វី មានប្រសាសន៍ថា
នៅក្នុងឆ្នាំ២០១៦កន្លងទៅ អ្នកសារព័ត៌មានឯករាជ្យ
ប្រឈមកាន់តែខ្លាំងនិងបារម្ភពីសុវត្ថិភាព
ពិសេសពួកគេបានរាយការណ៍ពីបញ្ហាព្រំដែនវៀតណាម
ការរាយការណ៍អំពីការប្រព្រឹត្តិអំពើពុករលួយរបស់មន្ត្រីរដ្ឋាភិបាល
និងការរាយការណ៍ព័ត៌មានក្នុង
អំឡុងពេលបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។ លោកបន្ថែមថា
ស្ថានភាពកាន់តែធ្ងន់ធ្ងរ និងកាន់តែប្រឈមសម្រាប់អ្នកព័ត៌មានទៀតនោះ
គឺនៅក្រោយពេលមានឃាតកម្មលើបណ្ឌិត កែម ឡី
ដែលជាអ្នកវិភាគនយោបាយឥតសំចៃមាត់។លោកបញ្ជាក់ថា
ការស្លាប់របស់លោកកែម ឡី ក៏ពាក់ព័ន្ធនឹងការផ្ដល់ព័ត៌មាននេះដែរ
ព្រោះថា លោក បណ្ឌិត កែម ឡី ជាប្រភពព័ត៌មានចម្រុះឥតរីងស្ងួត
ដូច្នេះហើយ ទើបមានការបាញ់សម្លាប់លោក ដើម្បីបំបិទមាត់៖ «
ម្យ៉ាងវិញទៀត
ការផ្ដន្ទាទោស និងការគំរាមប្រើផ្លូវច្បាប់វិញ
មានចំណាត់ថ្នាក់ទី៤ក្នុងការប្រឈម
ទាំងឡាយរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
ការគំរាមប្រើវិធានការផ្លូវច្បាប់ គឺជាមធ្យោបាយទី១
ដែលប្រភពទាំងឡាយបានប៉ុនប៉ុងជ្រៀតជ្រែក
ក្នុងការងាររបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ទោះបីជា
មិនមានករណីអ្នកសារព័ត៌មាន មានវិជ្ជាជីវៈ
ត្រូវគេផ្ដន្ទាទោសក្នុងឆ្នាំ២០១៦ក្ដី»។
ក៏ប៉ុន្តែ ការចាប់សកម្មជនការពារសិទ្ធិមនុស្ស
និងអ្នករិះគន់រដ្ឋាភិបាលដាក់ពន្ធនាគារ ដែលតែងតែ
មានទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយ
បានបង្កើតឲ្យមានភាពជ្រួលច្របល់ ក្នុងចំណោមអ្នកសារព័ត៌មានទាំងឡាយ។
ប្រធានវេទិកាអនាគត លោក អ៊ួ វីរៈ
ត្រូវបានគណបក្សកាន់អំណាចប្ដឹងកាលពីខែមេសា ឆ្នាំ២០១៦
ដោយសារតែការផ្ដល់សម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី រិះគន់រដ្ឋាភិបាល។
ទន្ទឹមនឹងនេះក៏មានសាលក្រមជាច្រើនផ្ដន្ទាទោសមនុស្សជាច្រើន
ដែលធ្វើឡើងដោយតុលាការប្រឆាំង និងមន្ត្រីបក្សប្រឆាំង
និងអ្នករិះគន់រដ្ឋាភិបាលដែរ ដោយសារតែការនិយាយជាសាធារណៈ
ឬការបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាដើម។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងព័ត៌មានបានទេ កាលពីថ្ងៃទី៣ តុលា។
ចំពោះអង្គការលីកាដូ (Licadho) វិញ
បានចេញរបាយការណ៍សង្ខេបរបស់ខ្លួនកាលពីថ្ងៃទី៩ ខែកញ្ញា ២០១៧ ថា
ការអនុវត្តច្បាប់បិទប្រព័ន្ធផ្សព្វផ្សាយបានធ្វើឲ្យប៉ះពាល់ទៅលើស្ថានីយវិទ្យុដែលផ្សាយបន្តនូវព័ត៌មានឯករាជ្យពីវិទ្យុសំឡេងប្រជាធិបតេយ្យ
(VOD) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី
ដែលជាសារព័ត៌មានមិនរកប្រាក់ចំណេញ
ហើយការបិទក្រោមហេតុផលអនុវត្តច្បាប់នេះ
គឺជាមធ្យោបាយបិទទាំងស្រុងនៅលើរលកធាតុអាកាសផ្សេងទៀត។ អង្គការលីកាដូ
យល់ឃើញថា
វិទ្យុគឺប្រភពព័ត៌មានដ៏សំខាន់សម្រាប់ពលរដ្ឋកម្ពុជាដែលរស់នៅតាមជនបទ
ដោយសារសេវាអ៊ីនធឺណិតនៅទីនោះមិនអំណោយផល។
អង្គការលីកាដូ (LICADHO) យល់ឃើញថា
វិធានការរបស់រដ្ឋាភិបាលដែលបិទសំឡេងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន
ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សិទ្ធិទទួលបានព័ត៌មាន។
អង្គការនេះរកឃើញថា មានវិទ្យុក្នុងស្រុកចំនួន ៣២
ស្ថានីយទូទាំងប្រទេស
ត្រូវបង្ខំអោយបិទការផ្សាយដែលស្ថានីយទាំងនោះបានផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី
(RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD)។
ប៉ុន្តែមន្ត្រីក្រសួងព័ត៌មានធ្លាប់ថ្លែងការពារអំពីជំហររបស់ខ្លួនថា
នេះគឺជាការពង្រឹងច្បាប់
ហើយការបិទវិទ្យុមួយចំនួនដោយសារប្រព័ន្ធផ្សព្វផ្សាយទាំងនោះ
រំលោភលើការផ្សាយរបស់ខ្លួន។
អ្នកជំនាញផ្នែកសារព័ត៌មានយល់ឃើញថា
សារព័ត៌មានឯករាជ្យដើរតួនាទីសំខាន់ណាស់ក្រៅពីផ្ដល់ព័ត៌មានដែលអាចជឿទុកចិត្តបានហើយ
ប្រព័ន្ធផ្សព្វផ្សាយនេះក៏រួមចំណែកជំរុញឲ្យអង្គភាពរបស់រដ្ឋអនុវត្តច្បាប់ដោយដោយតម្លាភាព
និងមានយុត្តិធម៌សង្គមថែមទៀតផង។
នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាសារព័ត៌មាន លោក មឿន
ឈានរិទ្ធិ ធ្លាប់បញ្ជាក់ថា ការបិទការិយាល័យរបស់វិទ្យុអាស៊ីសេរីនេះ
មិនមែនតែពលរដ្ឋទេដែលត្រូវខាតប្រយោជន៍នោះ
សូម្បីរដ្ឋាភិបាលក៏ត្រូវបាត់បង់ការគាំទ្រក៏មិនស្ទើរដែរទេ។
នៅក្នុងរបាយការណ៍របស់ CCIM ដដែល ក៏បានលើកឡើងថា
រដ្ឋាភិបាលគ្រប់គ្រងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយភាគច្រើនដែរ។
អ្នកសារព័ត៌មានដែលស្ទង់មតិដោយផ្ដល់ពិន្ទុមធ្យម៣,៦
លើ៥ពិន្ទុឲ្យដឹងថា
វិសាលភាពនៃគ្រប់គ្រងនិងឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយ
គឺជាការប្រឈមធំទី២ របស់ប្រព័ន្ធផ្សព្វ
ផ្សាយឯករាជ្យដែលនៅបន្ទាប់ពីប្រាក់ខែទាប។ លើសពីនេះទៀត
អាជ្ញាធរក៏មានឥទ្ធិពលលើចាង ហ្វាង
និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយដែលជាប្រភពទី១ នៃការជ្រៀតជ្រែក
និងឥទ្ធិពលដែរ។
ទាក់ទងនិងបញ្ហានេះ លោក ណុប វី មានប្រសាសន៍ថា
កម្ពុជាមិនទាន់មានច្បាប់ស្ដីពីសេរីភាពសារព័ត៌មាននេះ
គឺជាឧបសគ្គរបស់អ្នកសារព័ត៌មានក្នុងការរាយការណ៍
និងទទួលព័ត៌មានពីមន្ត្រីរដ្ឋាភិបាល
ឬក្រុមគ្រួសារមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយតាមរូបភាពផ្សេងៗ។
ព្រោះថា
សេចក្ដីព្រាងច្បាប់ស្ដីពីសេរីភាពសារព័ត៌មានស្ថិតនៅក្នុងការជជែកពិភាក្សាគ្នានៅក្រសួងព័ត៌មាន
ដ៏ចម្រូងច្រាស់នៅឡើយ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា
ទោះបីជាកម្ពុជាមិនទាន់មានច្បាប់ ស្ដីពីសិទ្ធិទទួលបានព័ត៌មានក្ដី
ប៉ុន្តែរដ្ឋធម្មនុញ្ញបានធានាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ
និងសិទ្ធិ ទទួលបានព័ត៌មាន។
មាត្រា៤១នៃរដ្ឋធម្មនុញ្ញចែងថា
ប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពខាងបញ្ចេញមតិរបស់ខ្លួន
សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ
និងសេរីភាពខាងការប្រជុំជាដើម។
អង្គការហ្វ្រីឌឹម ហៅស៍ (Freedom House) ចាត់ទុកសារព័ត៌មាននៅកម្ពុជាថា មិនសេរី។ ចំណែកអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporters without borders) ចាត់ចំណាក់ថ្នាក់កម្ពុជាក្នុងលេខរៀង១៣២
ក្នុងចំណោមបណ្ដាប្រទេស១៨០។ អង្កការនេះរកឃើញថា
ការរករឿងរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកើនឡើងនៅក្នុងឆ្នាំ២០១៦។
ប្រទេសកម្ពុជាមានស្ថានីយវិទ្យុចំនួន១៧៥ ទូរទស្សន៍១៨ កាសែត និងទស្សនាវដ្ដីមាន៤៦០។ នៅ ក្នុង របាយការណ៍របស់CCIM លើកឡើងថា
ប្រព័ន្ធផ្សព្វផ្សាយដែលឯករាជ្យគឺវិទ្យុ ហើយវិទ្យុទាំងននោះ
មានវិទ្យុសំឡេងប្រជាធិបតេយ្យ វិទ្យុអាស៊ីសេរី
និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ដែលមានអ្នកស្ដាប់រាប់លាននាក់។
នៅក្នុងរបាយការណ៍នេះ បញ្ជាក់ថា ក្នុងឆ្នាំ២០១៦
ទោះបីជាមិនមានអ្នកសារព័ត៌មានត្រូវការវាយដំ ក្ដី
ប៉ុន្តែអ្នកសារព័ត៌មានស្ទើរតែទាងអស់ដែលបានសម្ភាសន៍ក្នុងសម្រាប់របាយការណ៍នេះ
និយាយ ថា ការគំរាមកំហែងដោយប្រើអំពើហិង្សា ឬការបៀតបៀនរាងកាយ
នៅតែជាបញ្ហានៅឡើយ។ ចំណែកឯ ចំណាត់ថ្នាក់វិញ
ស្ថិតនៅក្រោមគេលំដាប់ទី២ នៃបញ្ជីប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយ
ឯករាជ្យ ដែលទទួលបានពិន្ទុ២,៨ ក្នុង៥ពិន្ទុ។
ការវាយដ៏ឃោរឃៅទៅលើអ្នកយកព័ត៌មានវិទ្យុសំឡេងប្រជាធិបតេយ្យ
ក្នុងពេលមានការតវ៉ា កាលពីឆ្នាំ២០១៤
នៅតែធ្វើឲ្យអ្នកសារព័ត៌មានព្រួយបារម្ភដដែល។
ឃាតកម្មទៅលើអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី កាលពីខែកក្កដា
ឆ្នាំ២០១៦ និងការវាយដំអ្នកការពារសិទ្ធិមនុស្សពីររូប
នៅឯការតវ៉ាដោយសន្តិវិធីមួយក្នុងខែតុលា ឆ្នាំ២០១៦
បានបង្កឲ្យមានភាពអសន្តិសុខសម្រាប់អ្នកសារព័ត៌មានទូទៅ។
គិតចាប់តាំងពីឆ្នាំ១៩៩៣មក
អ្នកសារព័ត៌មានត្រូវគេសម្លាប់មានជាង១០នាក់ មកទល់ពេលនេះ
រដ្ឋាភិបាលមិនទាន់ចាប់បានឃាតកយកមកផ្ដន្ទាទោសនៅឡើយ៕
ប្រភព :
RFA KHMER
Pdach Kar
Wednesday, October 4, 2017