Views
តំណាងរាស្ត្រសហរដ្ឋអាមេរិកពីខាងគណបក្សប្រជាធិបតេយ្យបញ្ជាក់ថា
កម្ពុជានឹងមិនអាចធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត
ឆ្នាំ២០១៨ខាងមុខ តែឯងបានទេ ដរាបណាប្រទេសក្រីក្រមួយនេះ
នៅតែត្រូវការការគាំទ្រពីសហគមន៍អន្តរជាតិ។
លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ប្រាប់អាស៊ីសេរីក្នុងអាគាររដ្ឋសភារបស់សហរដ្ឋអាមេរិក
កាលពីព្រឹកថ្ងៃពុធទី៤ តុលា នៅក្រោយជំនួបជាមួយលោក ហុង លីម
តំណាងរាស្ត្រអូស្ត្រាលីសញ្ជាតិខ្មែរ កាលពីថ្ងៃទី៤ តុលា ថា
អ្វីដែលសំខាន់បំផុតនោះ គឺសហរដ្ឋអាមេរិក
នឹងកៀរគរបង្ហាញដល់សហគមន៍អន្តរជាតិទាំងឡាយ
អំពីការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញមកលើក្រុមបក្សប្រឆាំង
សង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាន។
លោក បន្តថាប្រសិនបើលោក ហ៊ុន សែន
ចង់ឲ្យរដ្ឋាភិបាលរបស់ខ្លួនមានភាពស្របច្បាប់ នោះ
លោក ហ៊ុន សែន
ត្រូវតែអនុវត្តគោលការណ៍ប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតដោយសេរី
ត្រឹមត្រូវ និងយុត្តិធម៌៖ «យើងនឹងជំរុញឲ្យសហគមន៍អន្តរជាតិក្រោកឈរឡើង
ប្រយុទ្ធ តតាំងជាមួយរដ្ឋាភិបាលភ្នំពេញ ដើម្បីលទ្ធិប្រជាធិបតេយ្យ
ការគោរពសិទ្ធិមនុស្ស ហើយបើមិនដូច្នេះទេ
នោះយើងមិនទទួលយកការបោះឆ្នោតនេះទេ។
ការតតាំងនេះនឹងជំរុញឲ្យមានការសើរើយន្តការ កិច្ចព្រមព្រៀង
សន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលមានស្រាប់។ កិច្ចព្រមព្រៀងនេះ
បានចែងច្បាស់អំពីតួនាទីរបស់យើង ដែលត្រូវធ្វើ»។
លោក អាឡាន់ ឡូវ៉ិនថល ក៏បានថ្លែងគាំទ្រសេចក្ដីសម្រេចរបស់សមាជិកព្រឹទ្ធសភា លោក ចន ម៉ាក់ឃែន (John McCain) និង លោក ឌីក ឌើប៊ិន (Dick Durben) ដែលអនុម័តកាលពីថ្ងៃទី២
ក្នុងការជំរុញឲ្យសភាសហរដ្ឋ អាមេរិកថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន
ដែលបានចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំង
និងធ្វើទុក្ខបុកម្នេញដល់ក្រុមសង្គមស៊ីវិលកន្លងមក។
ទោះជាយ៉ាងណាក៏ដោយរដ្ឋាភិបាលលោក ហ៊ុន សែន
នៅតែព្រងើយ កន្តើយចំពោះការរិះគន់ធ្ងន់ៗរបស់សហគមន៍អន្តរជាតិ។ លោក
ហ៊ុន សែន កាលពីថ្ងៃទី២ ខែតុលា ព្រមានថា សមត្ថកិច្ចរបស់លោក
នឹងបន្តចាប់ខ្លួនមនុស្សទាំងឡាយដែលមានជាប់ពាក់ព័ន្ធនឹងគម្រោងធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាលរបស់លោក
ហើយថាការចាប់ខ្លួន លោក កឹម សុខា ម្នាក់គឺមិនទានគ្រប់គ្រាន់នោះទេ
គឺនៅមានមន្ត្រីបក្សប្រឆាំងផ្សេងទៀត នឹងអាចត្រូវចាប់ខ្លួនផងដែរ។
Pdach Kar
Wednesday, October 4, 2017