Views
ប្រភពពីតៀមកាហ្វេឲ្យដឹងថា ក្រោយពីការចាប់ខ្លួនលោក កឹម សុខា ស្ថានភាពនយោយហាក់ធ្លាក់ចុះដុនដាបខ្លាំងស្រេចទៅហើយ នេះមកចូលរឿងមួយក្រឡាទៀត គឺ ការចង់រំលាយគណបក្សសង្រ្គោះជាតិតាមរយៈតុលាការអាយ៉ង រឹងរឹតតែជាន់ឈ្លីស្ថានការណ៍ឲ្យកាន់តែដុនដាបទៅ ដូចពាក្យចាស់លោកពោលថា
នៅមិននៅយកជ័រព្នៅមកត្បៀតក្លៀក ប្រាកដជាជាប់គាំងក្រញង់ដោះមិនចេញ ទង្វើដែលធ្វើដោយកម្រោលត្រឹមគិតថាដើម្បីឈ្នះ ប៉ុន្តែភ្លេចប្រមើលមើលកម្លាំងភាគីប្រឆាំងនោះ ហាក់កំពុងដើរជាន់បន្ទាត់ក្រហម ពោលគឺ បន្ទាត់ក្រហមនៃជម្លោះបែកបាក់ថ្នាក់ជាតិដែលឈានដល់ការស្លាប់រស់ម្នាក់ម្ខាង បក្សស៊ីភីភីប្រហែលជាគិតថា កងទ័ពអាចបញ្ជាបានទាំងអស់ឬ ប៉ូលិសអាចបញ្ជាបានទាំងអស់ឬ? មន្រ្តីក្រោមឱវាទអាចបញ្ជាបានទាំងអស់ឬ? ចម្លើយសុទ្ធតែស្រពិចស្រពិល ប្រៀបធៀបអ្នកស្មោះត្រង់ចំពោះបក្សពួកលោក ហ៊ុន សែនមួយក្តាប់តូច និង អ្នកស្មោះត្រង់ចំពោះប្រជាជននិងប្រទេសជាតិ តើមួយណាច្រើនជាង ប្រាកដជាអ្នកស្មោះត្រង់ចំពោះប្រជាជន និងប្រទេសជាតិមានចំនួនច្រើនជាង បើមានចំនួនច្រើនជាង តើយុទ្ធសាស្រ្តរបស់បុរសខ្លាចខ្លាំងអាចនឹងដើរទៅមុខរួចទេ តើមានមនុស្សអ្នកស្មោះត្រង់ចំពោះលោក ហ៊ុន សែនប៉ុន្មាននាក់សុខចិត្តជួយទប់ទល់កម្លាំងចលនាមហាជនដែលសម្តែងចេញដោយការមិនពេញចិត្តចំពោះការដឹកនាំបែបផ្តាច់ការហួសហេតុនោះ ហើយទ្រាំរស់នៅក្រោមរបបផ្តាច់ការរបស់លោក ហ៊ុន សែន ហើយពួកគេចំណាយពេលទប់ទល់ប៉ុន្មានឆ្នាំទើបអាចការពារអំណាចឲ្យ លោក ហ៊ុន សែនមានជីវិតរស់នៅលើក្រញាំអំណាចនេះបាន ចម្លើយឃើញថា ជីវិតលោក ហ៊ុន សែន ប្រាកដជាខ្លីជាងជីវិតរបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រជាជន ប្រទេសជាតិ និង អន្តរជាតិត្រូវការ តើភ្លេចហើយឬ ពាក្យថា
ទីណាមានការជិះជាន់ ទីនោះមានការរើសបំរះ ហើយពាក្យច្រំដែល ដូចជា
បដិវត្តន៍ពណ៌ ជាដើមនោះ ដែលលោក ហ៊ុន សែនធ្លាប់ទន្ទេញប្រាប់គេឯង ប្រាកដជានឹងកើតឡើងពិតមែន តាមពិត ប្រជាជនខ្មែរមានចិត្តស្លូតបូត ថ្នាក់ថ្នមស្ថានការណ៍ស្រុកទេសបានល្អណាស់ ជាពិសេស ភាគីប្រឆាំង ព្រោះសុខចិត្តឲ្យយន្តការប្រជាធិបតេយ្យដើរទៅមុខ មិនគិតនឹងធ្វើអ្វីដែលនាំឲ្យស្ថានការណ៍ដុនដាបទេ ផ្ទុយទៅវិញ លោក ហ៊ុន សែន តែងជាន់ឈ្លីទឹកចិត្តប្រជាជនខ្មែរត្រង់ចំណុចនេះ ក្រឡុកស្ថានការណ៍ស្រុកទេសតាមអំពើចិត្ត រហូតដល់ទឹកចិត្តដែលថ្នាក់ថ្នមរងការក្រឡកក្រលែងក្លាយជាចិត្តថ្នាំងថ្នាក់ហាក់នឹងចេញជាប្រតិកម្មដោយប្រការណាមួយនៅពេលខាងមុខ ។
ពាក្យថា
ខ្លាំងអីតែឯង ចេះក្រែងចិត្តអ្នកដទៃខ្លះផង នេះកើតចេញពីចិត្តថ្នាំងថ្នាក់នោះឯង ។
សរុបសេចក្តីមកថា ដើម្បីសម្រួលស្ថានករណ៍ស្រុកទេសឲ្យដើរលើគន្លងប្រជាធិតេយ្យដែលជាតម្រូវការរបស់ប្រជាជននិងអន្តរជាតិ លោក ហ៊ុន សែន ត្រូវតែទម្លាក់ចោលបទចោទផ្សេង ៗ ដោយសុទ្ធចិត្ត ពុំនោះទេ ពាក្យថា
តោះយើងជួយកម្ចាត់ចោរប្លន់ប្រទេសជាតិចោលទាំងអស់គ្នា ដើម្បីជាតិយើងបានរស់សុខសាន្តដូចអារ្យប្រទេសនានាលើលោក ប្រាកដជានឹងលាន់ឮទ្រហឹងអឺងកងឡើងមិនខាន ។
Pdach Kar
Saturday, October 7, 2017