Views
កូនអុក ឬ កូនចាប ២ គ្រាប់ប៉ុន្មានថ្ងៃនេះហាក់កំពុងបង្កព្យុះភ្លៀងយ៉ាងគគ្រឹកគគ្រេងលើឆាកនយោបាយខ្មែរ ពលរដ្ឋទូទៅចេះតែឆ្ងល់ថា ហេតុអ្វីបានជាកូនអុក ២ គ្រាប់នោះមានឥទ្ធិពលខ្លាំងម្លេះ ហ៊ានចេញមុខចេញមាត់មកបង្កចលាចលខាងនយោបាយយ៉ាងហំហែង ដោយគ្មានភាគីរដ្ឋាភិបាលចេញមកបកស្រាយយ៉ាងណាទេ មានតែជួយជ្រោមជ្រែងស្វែងរកទីតាំងឲ្យថែមទៀត មិនតែប៉ុណ្ណោះថែមទាំងបង្កលក្ខណៈងាយស្រួលដល់កូនអុកទាំង ២ យ៉ាងរលូតរលូនគ្មានឧបសគ្គរាំងស្ទាក់អ្វីទាំងអស់ទាំងផ្នែកសន្តិសុខ និង ផ្នែកច្បាប់ដើម្បីដាក់ពាក្យបណ្តឹងទៅតុលាការកំពូលដើម្បីរំលាយបក្សគូប្រជែង ។
តាមពិតទៅ កូនចាបអុកទាំង ២ នេះមិនសូវមានឥទ្ធិពលខ្លាំងទេ ប៉ុន្តែគ្រាន់តែបំពាក់ស្លាបដោយបុរសខ្លាំងក៏ចាប់ផ្តើមបង្ហាញឥទ្ធិពលភ្លាម តើកូនអុកទាំង ២ នោះ ជានរណា?
កូនអុកទី ១ គឺ លោក
ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលជួយរុញគូថដោយលោក
ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ឋសភា និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ។
គ្រាន់តែប៉ុណ្ណេះ យើងក៏អាចដឹងបានភ្លាមថា កូនអុកទី ១ នេះមានខ្នងបង្អែកប៉ុនណា ទោះរងការរិះគន់ពីមហាជនក៏កូនអុកទី ១ មិនខ្វល់ គិតតែធ្វើអ្វីដែលជាគោលបំណងរបស់មេអុករហូតដល់ចេញជាលទ្ធផល គឺ ដាក់លិខិតប្តឹងជាផ្លូវការដើម្បីផ្តួលភាគីប្រកួត
កូនអុកទី ២ គឺ
សម្តេចក្រុមព្រះ ជាអ្នកនយោបាយខាងរាជានិយម ដែលល្បីល្បាញខាងការធ្លាក់កូដ តាំងពីតំណែងនាយករដ្ឋមន្រ្តីរហូតដល់រកកន្លែងទំមិនបាន ពោលគឺ តាំងពីសេដ្ឋីក្លាយជាយាចក អស់ផ្លូវដើរតទៅទៀតក៏ងាកទៅជ្រកក្រោមក្លៀកបុរសខ្លាំងដើម្បីជួយតតាំងភាគីប្រកួតរបស់បក្សប្រជាជន ហើយក៏ខំប្រឹងទទះស្លាបយកចិត្តមេក្រែងបានលាភសក្ការៈខ្លះដើម្បីចិញ្ចឹមក្រពះនៅនាទីចុងក្រោយនៃឆាកជីវិតនយោបាយ ។
បើជ្រុលជានិយាយដល់កូនអុកទាំង ២ ហើយក៏គួរនិយាយដល់កូនអុកមួយទៀតដែលជួយរុញគូថដោយលោកចៀម យៀប គឺ បុរសសម្តីខ្មាំងខ្លាំងវោហារចម្ការម្រេច គ្រាន់តែបង្ហើបត្រឹមប៉ុណ្ណេះប្រាកដជាដឹងភ្លាមថា កូនអុកទី ៣ នោះជានរណា ប្រើការយូរ បានផលច្រើន អាចបំបែកសំឡេងគូប្រជែងបានយ៉ាងជោគជ័យរហូតដល់ទទួលបានរថយន្ត ៥៧០ កាលពីប៉ុន្មានខែមុន ។
សរុបសេចក្តីមក ទោះបីបុរសខ្លាំងខំប្រឹងបញ្ចេញកូនអុកច្រើនប៉ុនណា ក៏មិនហូសក្រសែភ្នែកមហាជនដែលជាកម្លាំងចលករនៃការផ្លាស់ប្តូរអំណាចផ្តាច់ការដោយអហិង្សាដែរ ។