CPP ជាបក្សដែលត្រូវរំលាយមុនគេនៅកម្ពុជា
~~~
គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា
គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានបង្កើតឡើងដោយ លោក សឺង
ង៉ុកមិញ ហៅអាចារ្យ មៀន នៅឆ្នាំ១៩៥១ ។
សឺង ង៉ុកមិញ
មានឈ្មោះជាភាសារយួនថា ផាម យ៉ាំង ហួ (Phạm Văn Hua)
និងដែលមានឪពុកជាខ្មែរក្រោម
និងម្តាយជាជនជាតិយួននៅខេត្តព្រះត្រពាំង កម្ពុជាក្រោម
គឺជាអតីតសមាជិកគណបក្សកុម្មុយនីស្តឥណ្ឌូចិន
ដែលត្រូវបានបង្កើតឡើងដោយ លោក ហូ ជីមិញ (Ho Chi Minh)
តាំងពីឆ្នាំ១៩៣០ ។
គណបក្សប្រជាជនបដិវត្តន៍កម្ពុជា
បង្កើតឡើងដោយមានការជួយជ្រោមជ្រែងពីយួនកុម្មុយនីស្តវៀតមិញ
គឺមានគោលបំណងបណ្ដេញអាណានិគមនិយមបារាំង
ចេញឲ្យអស់ពីភូមិភាគឥណ្ឌូចិន ទាំងមូល ចលនានេះ
បានធ្វើការតស៊ូជារបៀបទ័ពព្រៃប្រឆាំងបារាំង រហូតដល់ឆ្នាំ១៩៥៤ ។
បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងហ្សឺណែវ
នៅខែកក្កដា ឆ្នាំ១៩៥៤
ដែលជាសន្ធិសញ្ញាបញ្ចប់ជាផ្លូវការនូវអាណានិគមរបស់បារាំង
ក្នុងភូមិភាគឥណ្ឌូចិន សមាជិកបក្សប្រជាជនបដិវត្តន៍កម្ពុជា
ក៏បានបែកចេញជា ៣ក្រុម។
ក្រុមទី១ ដឹកនាំដោយ សឺង ង៉ុកមិញ
ហើយដែលមានយុទ្ធជនប្រមាណ ២.៥០០នាក់ផ្សេងទៀត ក្នុងនោះក៏មាន លោក
ប៉ែន សុវណ្ណ ផងដែរ ត្រូវបានគេបញ្ជូនទៅកាន់ទីក្រុងហាណូយ
ប្រទេសយួនដើម្បីធ្វើការបណ្តុះបណ្តាលផ្នែកនយោបាយ ។
ក្រុមទី២
ដឹកនាំដោយ ទូ សាមុត នួន ជា និង សោ ភឹម ជាដើម
នៅធ្វើចលនានៅក្នុងប្រទេសកម្ពុជាបន្តទៀត
ដោយដេកក្រោមស្លាកបក្សប្រជាជនបដិវត្តន៍កម្ពុជាដដែល ។
ចំណែកក្រុមទី៣
បានប្រមូលផ្តុំគ្នាបង្កើតជាគណបក្សនយោបាយស្របច្បាប់មួយឈ្មោះថា
គណបក្សប្រជាជន
ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅឆ្នាំ១៩៥៥ ។
យ៉ាងណាក៏ដោយ គណបក្សប្រជាជន
មិនអាចប្រជែងជាមួយចលនាសង្គមរាស្ត្រនិយមរបស់សម្ដេចព្រះនរោត្តម
សីហនុ ដែលជាចលនាធំ និងមានការគាំទ្រខ្លាំងពីពលរដ្ឋនោះទេ ។
ទោះជាបែបនេះក្តី សម្ដេចព្រះនរោត្តម សីហនុ
ក៏មិនបានមើលស្រាលចំពោះចលនារបស់ពួកកុម្មុយនីស្តនេះដែរ
ហើយព្រះអង្គនៅតែចាត់ទុកក្រុមនេះថា
អាចធ្វើឲ្យប៉ះពាល់ដល់អំណាចរបស់ព្រះអង្គដដែល។ អាស្រ័យហេតុនេះហើយ
ទើបនៅក្រោយការបោះឆ្នោតឆ្នាំ១៩៥៥ កងនគរបាលរបស់សម្ដេចព្រះនរោត្តម
សីហនុ មិនបានធ្វើឲ្យចលនាខ្មែរកុម្មុយនីស្តនៅកម្ពុជា
បាននៅសុខស្រួលនោះទេ។ យ៉ាងណាក៏ដោយ
ពួកគេនៅតែអាចលបលាក់ធ្វើសកម្មភាពបានដដែល ។
ជាក់ស្តែងនៅខែកញ្ញា ឆ្នាំ១៩៦០ ក្រោមការដឹកនាំរបស់ ទូ សាមុត
បក្សប្រជាជនបដិវត្តន៍កម្ពុជា
បានប្រមូលផ្តុំគ្នាធ្វើមហាសន្និបាតបក្សលើកទី២
នៅក្នុងទូរទេះភ្លើងមួយនាស្ថានីយរថភ្លើងក្នុងក្រុងភ្នំពេញ
គឺនៅពេលនោះហើយដែលបក្សប្រជាជនបដិវត្តន៍កម្ពុជា
បានប្ដូរឈ្មោះទៅជាបក្សពលករកម្ពុជា ដែលមាន ទូ សាមុត ជាលេខាបក្ស ។
ទូ សាមុត ឬអាចារ្យ សុខ ដែលមានស្រុកកំណើតនៅកម្ពុជាក្រោម នោះ
ត្រូវបានគេធ្វើឃាតដោយអាថ៌កំបាំងនៅឆ្នាំ១៩៦២
នៅក្នុងវត្តស្ទឹងមានជ័យ នារាជធានីភ្នំពេញ ។ មរណភាពរបស់ ទូ សាមុត
ត្រូវបានគេសង្ស័យថា ប៉ុល ពត
ជាអ្នកប្រព្រឹត្តដើម្បីដណ្ដើមតួនាទីជាលេខាបក្ស តែបប៉ុល ពត
បានច្រានចោលចំពោះការចោទប្រកាន់នេះ ហើយថា ទូ សាមុត
ត្រូវបានកម្លាំងនគរបាលរបស់ លោក លន់ នល់ ដែលជាកូនចៅរបស់សម្ដេច
សីហនុ ចាប់ខ្លួនបាន ហើយសម្លាប់ចោល ។
ក្រោយពី ទូ សាមុត
ត្រូវបានគេសម្លាប់ បក្សពលករកម្ពុជា
បានធ្វើមហាសន្និបាតបក្សនៅខែកុម្ភៈ ឆ្នាំ១៩៦៣ ដែលពេលនោះ សាឡុត ស ឬ
ប៉ុល ពត ត្រូវបានមហាសន្និបាតតែងតាំងឲ្យធ្វើជាអគ្គលេខាធិការបក្ស ។
បក្សពលករកម្ពុជា ដែលពេលខ្លះរត់ទៅពឹងយួន ពេលខ្លះរត់ទៅពឹងចិន
បានបន្តធ្វើការតស៊ូប្រឆាំងនឹងរបបដឹកនាំរបស់សម្ដេចព្រះនរោត្តម
សីហនុ ជាហូរហែ ហើយនៅខែកញ្ញា ឆ្នាំ១៩៦៦
បន្ទាប់ពីត្រឡប់មកពីទីក្រុងហាណូយ ប៉ុល ពត
ក៏បានបើកកិច្ចប្រជុំមួយ
គឺនៅក្នុងកិច្ចប្រជុំនោះហើយដែលមេដឹកនាំខ្មែរកុម្មុយនីស្ត
បានប្ដូរឈ្មោះបក្សរបស់ខ្លួនពីបក្សពលករកម្ពុជា
ទៅជាបក្សកុម្មុយនីស្តកម្ពុជា។
គឺពួកកុម្មុយនីស្តនេះហើយដែលក្រោយមក ត្រូវបានសម្ដេចព្រះនរោត្តម
សីហនុ ឲ្យឈ្មោះថា ខ្មែរក្រហម ។
លុះសម្ដេចព្រះនរោត្តម សីហនុ
ត្រូវបានលោកសេនាប្រមុខ លន់ នល់
និងបក្ខពួកធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចនៅខែមីនា ឆ្នាំ១៩៧០
កម្លាំងរបស់ខ្មែរក្រហមបានកើនឡើងជាលំដាប់
បន្ទាប់ពីសម្ដេចព្រះនរោត្តម សីហនុ
ទ្រង់ប្រកាសបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា
និងបានអំពាវនាវឲ្យពលរដ្ឋខ្មែរងើបឡើង
ដើម្បីប្រឆាំងនឹងរបបដឹកនាំរបស់លោកសេនាប្រមុខ លន់ នល់ ។
ក្រោយពីទទួលបានជ័យជម្នះលើរដ្ឋាភិបាលសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ
លន់ នល់ នៅខែមេសា ឆ្នាំ១៩៧៥
ខ្មែរក្រហមមិនបានប្រគល់អំណាចថ្វាយសម្ដេចព្រះនរោត្តម សីហនុ នោះទេ
ក្រៅតែពីបានតែងតាំងព្រះអង្គឲ្យធ្វើជាព្រះប្រមុខរដ្ឋ
ដែលគ្មានអំណាចអ្វីបន្តិចសោះ ។
បក្សកុម្មុយនីស្តកម្ពុជារបស់ខ្មែរក្រហម បានគ្រប់គ្រងប្រទេសកម្ពុជា
តាំងពីពេលនោះមករហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩
នៅពេលដែលយួនលើកទ័ពចូលឈ្លានពានកម្ពុជា
រួចលើកបន្តុបរដ្ឋាភិបាលថ្មី ។
សមាសភាពនៅក្នុងជួររដ្ឋាភិបាលថ្មីនោះ
រួមមានទាំងក្រុមខ្មែរកុម្មុយនីស្ត
ដែលបានទៅកាន់ប្រទេសយួនតាំងពីឆ្នាំ១៩៥៤
និងអតីតកម្មាភិបាលខ្មែរក្រហមរត់ទៅយួននៅឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨
ក្នុងនោះមានដូចជា ហ៊ុន សែន ជា ស៊ីម និង ហេង សំរិន ជាដើម ។
២ ថ្ងៃមុនពេលកងទ័ពយួនចូលកាន់កាប់ក្រុងភ្នំពេញ
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា
បានឆ្លៀតធ្វើមហាសន្និបាតបក្សមួយដើម្បីរៀបចំស្ដារ
និងកសាងនូវរចនាសម្ព័ន្ធដឹកនាំបក្សប្រជាជនបដិវត្តន៍កម្ពុជា ឡើងវិញ
។
មហាសន្និបាតបក្សនោះត្រូវបានថ្នាក់ដឹកនាំរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា
ដែលមាន លោក ប៉ែន សុវណ្ណ ជា ស៊ីម ហេង សំរិន និង ហ៊ុន សែន ជាដើម
ចាត់ទុកថា ជាមហាសន្និបាតលើកទី៣ របស់បក្សប្រជាជនបដិវត្តន៍កម្ពុជា
ដែលនេះបញ្ជាក់ឲ្យឃើញថា
ពួកគេមិនទទួលស្គាល់មហាសន្និបាតបក្សធ្វើឡើងដោយបក្សពលករកម្ពុជា
ឬបក្សកុម្មុយនីស្តកម្ពុជា របស់ខ្មែរក្រហមនៅឆ្នាំ១៩៦៣ ឆ្នាំ១៩៦៦
ឬឆ្នាំ១៩៧៥ នោះឡើយ
បើទោះជាពួកខ្មែរក្រហមមានប្រភពដើមចេញពីបក្សប្រជាជនបដិវត្តន៍កម្ពុជា
ក៏ដោយ។
ឈ្មោះបក្សប្រជាជនបដិវត្តន៍កម្ពុជា
ត្រូវបានគេប្រើប្រាស់ឡើងវិញតាំងពីខែមករា ឆ្នាំ១៩៧៩
នោះមករហូតដល់ឆ្នាំ១៩៩១
នៅពេលដែលឈ្មោះនេះត្រូវបានគេប្ដូរទៅជាគណបក្សប្រជាជនកម្ពុជា
ហើយដែលត្រូវគេស្គាល់រហូតមកទល់ពេលបច្ចុប្បន្ន ។
យោងសាវតារខាងលើនេះ គណបក្សប្រជាជនកម្ពុជា ជាបក្សដែលយួនបង្កើតឡើង
ដូច្នេះបើយោងតាមហេតុផលដូចដែលរបប ហ៊ុន សែន
បង្កើតលេសចង់រំលាយបក្សសង្គ្រោះជាតិដោយចោទថាឃុបឃិតជាមួយបរទេស ក្បត់ជាតិនោះ
របប ហ៊ុន សែន ត្រូវតែរំលាយបក្សប្រជាជនកម្ពុជាជាមុនសិន
ព្រោះបក្សនេះមិនត្រឹមតែឃុបឃិតជាមួយរបទេសប៉ុណ្ណោះទេ តែជាបក្សដែលបរទេសបង្កើត
ហើយបានសម្លាប់ពលរដ្ឋខ្មែរអស់ជាងពីរលាននាក់នៅក្នុងរបប៣ឆ្នាំ ៨ខែ
និង២០ថ្ងៃទៀតផង ៕
ប្រភព :
Chham Chhany