Views
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត បានស្នើសុំថវិកាបន្ថែមទៀត
ពីបណ្តាស្ថានទូត ជប៉ុន អាមេរិក និងសហភាពអឺរ៉ុប(EU)ដើម្បីជំរុញ
និងបំផុសស្មារតីឲ្យប្រជាពលរដ្ឋនៅតាមទីជនបទ មកចុះឈ្មោះបោះឆ្នោតបានច្រើន
តាមរយៈការទិញមេក្រូ។
គិតមកដល់ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៧ នេះ ពលរដ្ឋមកចុះឈ្មោះបោះឆ្នោតមានចំនួន ២៩៧,៩១៥នាក់ ក្នុងចំណោមពលរដ្ឋជាង១លាននាក់។
ការស្នើសុំរបស់គ.ជ.បនេះ បានធ្វើឡើងក្នុងជំនួបរវាង លោក ស៊ិក ប៊ុនហុក
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប
ជប៉ុន និងទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នាទីស្នាក់ការ គ.ជ.ប
នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧។
ក្រោយបញ្ចប់ជំនួប លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប
បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ភាគីទូតទាំង៣ បានលើកឡើងថា
ហេតុអ្វីមកដល់ថ្ងៃ៥ ខែតុលា រយៈពេលជាង១ខែមកហើយ
ពលរដ្ឋមកចុះឈ្មោះបោះឆ្នោតមានចំនួនតិច (ជិត៣០ម៉ឺននាក់)។
ជាការឆ្លើយតបគ.ជ.ប បានស្នើសុំថវិកាបន្ថែមពីភាគីទូត ដើម្បីពន្លឿននិងជំរុញឲ្យពលរដ្ឋមមកចុះឈ្មោះកាន់តែច្រើនឡើង។
លោកបញ្ជាក់ថា “ប្រសិនបើជាការចុះឈ្មោះបោះឆ្នោតតិច
គឺស្នើសុំទៅភាគីអន្តរជាតិ ជួយបន្ថែមជាថវិកាជួយដល់ការផ្សព្វផ្សាយ តាមមេក្រូ
ឬឧឃោសនស័ព្ទនៅតាមជនបទ នៅតាមឃុំ-សង្កាត់ផ្សេងៗ ដើម្បីទាក់ទាញទឹកចិត្ត
ប្រជាពលរដ្ឋឲ្យមកចុះឈ្មោះបោះឆ្នោត បានកាន់តែច្រើន”។
លោកថា មិនអាចប្រៀបធៀបជាមួយនឹងបញ្ជីចុះបោះឆ្នោត ឆ្នាំ២០១៦នោះទេ
ព្រោះពេលនោះជាការរៀបចំចុះឈ្មោះថ្មី និងលើកដំបូង និងមានជាង ៩លាននាក់
តែឆ្នាំ២០១៧ មានតែជាង១លាននាក់ប៉ុណ្ណោះ។
អ្នកនាំពាក្យបន្តថា បើតាមការប្រមើលមើល ប្រហែលជាមានតែ៥ម៉ឺននាក់ ប៉ុណ្ណោះ ដែលបានចុះឈ្មោះបោះឆ្នោត។
លោក ហង្ស ពុទ្ធា ថ្លែងថា ក្នុងកិច្ចជំនួប ជាមួយទូត ទាំង៣រូបនេះ
មិនបានពិភាក្សាទៅលើ បញ្ហានយោបាយនោះទេ គឺផ្តោតសំខាន់
ទៅលើការចុះឈ្មោះបោះឆ្នោត។ ក្រុមទូតបានបញ្ជាក់ថា ការចុះឈ្មោះ
បោះឆ្នោតឆ្នាំ២០១៧នេះ មានលក្ខណៈស្មុគស្មាញច្រើន ដោយសារក្រសួងមហាផ្ទៃ
បានចេញលិខិត បញ្ជាក់ទីសំណាក់ទាមទារមានរយៈពេលច្រើនជាងមុន តែលោកឆ្លើយថា
មកដល់ថ្ងៃ៥ តុលា នេះ ទាំងគ.ជ.ប និងក្រសួងមហាផ្ទៃ
អត់បានមានការចេញការណែនាំអី្វថ្មីនោះទេ គឺចុះទៅតាមឯកសារចាស់ ដែលមានការ
ព្រមព្រៀង គ្នារវាង គ.ជ.បនិងក្រសួងមហាផ្ទៃ៕