Views
ទន្ទឹមនឹងសំឡេងគាំទ្រគណបក្សសង្គ្រោះជាតិ (CNRP)
ដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា
និងមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ចំនួន៥៥អាសនៈចេះតែកើនឡើងជាលំដាប់នោះ
រលកសម្ពាធបង្កឡើងតាមគ្រប់រូបភាព
និងគ្រប់វិធីរបស់គណបក្សប្រជាជនកម្ពុជា (CPP)
ដែលជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែនៅកម្ពុជាមកលើគណបក្សនយោបាយប្រឆាំងមួយនេះក៏ចេះតែកើតមានជាន្តបន្ទាប់ដែរ
រហូតដល់លោក សម រង្ស៊ី
អតីតប្រធានគណបក្សសង្គ្រោះជាតិរស់នៅស្រុកខ្មែរលែងបាន និងឯកឧត្តម
កឹម សុខា ទើបតែឡើងកាន់តំណែងជាប្រធានគណបក្សថ្មីៗជំនួសលោក សម រង្ស៊ី
ក៏ត្រូវជាប់ពន្ធនាគារក្រោមការចោទប្រកាន់ពីបទសន្ទិដ្ឋិជាមួយបរទេស
ព្រមទាំងគណបក្សសង្គ្រោះជាតិក៏បានប្រឈមនឹងការប្តឹងទៅស្ថាប័នតុលាការកំពូលដើម្បីរំលាយចោលតាមសំណើជាល្បែងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច
និងគណបក្សយុវជនកម្ពុជា
ដែលជាគណបក្សនយោបាយដង្ហែគាំទ្រគណបក្សប្រជាជនកម្ពុជា ។
សំណួរត្រូវបានចោទសួរនៅក្នុងស្រទាប់មជ្ឈដ្ឋានអ្នកវិភាគនយោបាយ
និងស្ថានការណ៍សង្គមកម្ពុជាថា
តើគណបក្សសង្គ្រោះជាតិអាចរលាយបាត់ពីពិភពនយោបាយក្រោមមហិច្ឆតាប៉ុនប៉ងរំលាយរបស់គណបក្សប្រជាជនកម្ពុជាដែរឬទេ
? បើរំលាយគណបក្សសង្គ្រោះជាតិមែននោះ តើប្រទេសជាតិចំណេញអ្វី
គណបក្សប្រជាជនកម្ពុជាចំណេញអ្វី និងខាតបង់អ្វី ?
ពិតណាស់ ក្រៅពីមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ចំនួន៥៥អាសនៈ
និងអាសនៈសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន៥ ០០៧
ព្រមទាំងមានសមាសភាពនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប) បច្ចុប្បន្ន គឺនាសម័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ
សង្កាត់អាណត្តិទី៤ឆ្នាំ២០១៧កន្លងទៅ
គណបក្សសង្គ្រោះជាតិទទួលបានសំឡេងឆ្នោតគាំទ្របានការចំនួនជាង៣លានសំឡេង
ហើយក៏មានន័យថា
គណបក្សសង្គ្រោះជាតិជាគណបក្សនយោបាយតំណាងឲ្យប្រជាពលរដ្ឋកម្ពុជាជាម្ចាស់ឆ្នោតចំនួនជាង៣លាននាក់
។ ដូច្នេះ ការរំលាយគណបក្សសង្គ្រោះជាតិ
គឺស្មើនឹងរំលាយតំណាងរាស្ត្រចំនួន៥៥នាក់នៅក្នុងរដ្ឋសភានីតិកាលទី៥
ស្មើនឹងរំលាយសមាសភាពគ.ជ.ប ចំនួន៤នាក់ និងស្មើនឹងរំលាយសមាជិក
សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន៥ ០០៧នាក់
ព្រមទាំងស្មើនឹងរំលាយសំឡេងរបស់ពលរដ្ឋម្ចាស់ឆ្នោតចំនួនជាង៣លាននាក់ដែរ
។
ចរន្តនៃការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ
គឺកើតឡើងបន្ទាប់ពីរាជរដ្ឋាភិបាលចាប់ខ្លួនឯកឧត្តម កឹម សុខា
ប្រធានគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
ដាក់ពន្ធនាគារកាលពីថ្ងៃទី០៣ ខែកញ្ញា
ឆ្នាំ២០១៧កន្លងទៅក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ
(សន្ទិដ្ឋិជាមួយបរទេស)
ព្រមទាំងគំរាមស៊ើបអង្កេតស្រាវជ្រាវទៅលើជនពាក់ព័ន្ធផ្សេងៗទៀតផង ។
មជ្ឈដ្ឋានអ្នកវិភាគនយោបាយនៅកម្ពុជាបានបញ្ចេញទស្សនៈថា
បើទោះបីមានគណបក្សនយោបាយមួយចំនួនប្រកាសចង់ដើរតួជាគណបក្សនយោបាយប្រឆាំងជំនួសគណបក្សសង្គ្រោះជាតិក្តី
គឺការរំលាយគណបក្សសង្គ្រោះជាតិ
ស្មើនឹងការបាត់បង់ដៃគូដ៏មានន័យសម្រាប់ប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦
ឆ្នាំ២០១៨ខាងមុខ
(ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាស្មើនឹងគ្មានន័យ
និងគ្មានសេចក្តីថ្លៃថ្នូរ ព្រោះខ្លាំងក្នុងចំណោមបក្សខ្សោយ
និងប្រើល្បិចកលគ្រប់យ៉ាងដើម្បីរំលាយបក្សដៃគូដែលខ្លាំង
ដែលខ្លួនញញើត) ។ ម្យ៉ាងទៀត
សហគមន៍អន្តរជាតិក៏ទំនងនឹងមិនមើលរំលងអំពីករណីនេះដែរ ។
ក្រុមអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានលើកឡើងថា
ក្រៅពីមិនចង់បន្ទន់ឥរិយាបទទន់ភ្លន់ជាមួយគណបក្សប្រជាជនកម្ពុជាចំពោះអ្វីដែលមិនអាចទទួលយកបាននោះ
គឺការស្រោចស្រង់គណបក្សសង្គ្រោះជាតិមិនឲ្យរលាយបាត់រូបរាងត្រូវពឹងលើការលះបង់ជាមួយនឹង
«សម្តីមួយម៉ាត់» របស់ឯកឧត្តម កឹម សុខា
ដែលកំពុងជាប់ឈ្មោះជាជនត្រូវចោទនៅស្ថាប័នតុលាការថា
«ជារឿងរបស់ឯកឧត្តមតែម្នាក់ មិនពាក់ព័ន្ធដល់អ្នកដទៃ ឬគណបក្សឡើយ»
នៅចំពោះមុខតុលាការ ។ ការលះបង់របស់ឯកឧត្តម កឹម សុខា
ស្នើនឹងចាត់ទុកថាដើម្បីសំឡេងប្រជាពលរដ្ឋជាង៣លាននាក់
ឬច្រើនជាងនេះទៀតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨ខាងមុខ
។
សរុបសេចក្តីមក ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជា
គឺគណបក្សសង្គ្រោះជាតិ (CNRP) ដាច់ខាតមិនអាចរលាយបានឡើយ
ហើយការលះបង់របស់បុគ្គលដើម្បីភាពរស់រាន
និងរឹងមាំរបស់គណបក្សត្រូវចាត់ទុកថាជាអ្នកមានវីរភាពខ្ពង់ខ្ពស់ពិតប្រាកដ
៕
ប្រភព :
dtn7