ដើមហេតុបង្ហូឈាមកម្មករនៅផ្លូវ
វ៉េងស្រេង៖ ហ៊ុន សែន និង ហ៊ុន ម៉ាណែត សំលាប់កម្មករ តែស្រែកមិនទទួលខុសត្រូវ
និងទំលាក់កំហុសឲ្យបក្សប្រឆាំង
...................
រឿងកម្មករបាតុកម្ម មិនមែនជារឿងថ្មី និងជារឿងបក្សប្រឆាំងទេ តែជារឿងរបស់កម្មករ ហើយជាការពិតបក្សប្រឆាំងមានសិទ្ធិចូលរួម និងគាំទ្រ ។
ដើមហេតុបាតុកម្ម៖ ជាក់ស្តែងនៅខែ តុលា ឆ្នាំ២០១៣ កិច្ចប្រជុំត្រីភាគី
រវាងសហជីពកម្មករ ជាមួយ តំណាងក្រុមហ៊ុន
(សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC) និងភាគីរដ្ឋាភិបាល
ត្រូវបានធ្វើឡើងប្រចាំឆ្នាំដើម្បីភិក្សារអំពីគោលនយោបាយរួមក្នុងការសម្រេចផ្ដល់ប្រាក់ឈ្នួលអប្បបរមាដល់កម្មករ។
សូមបញ្ជាក់ថា ពេលនោះប្រាក់ខែអប្បរមាររបស់កម្មកររោងចក្រគឺមានពី៧៥$
ទៅ៨០$ក្នុងខែ ហើយខាងសហជីពបានទាមទារប្រាក់ឈ្នួលអប្បរមាចំនួន ១៦០$/ខែ
ដើម្បីឲ្យកម្មករបានរស់នៅបានសមរម្យ។
កិច្ចប្រជុំលើកទី១បានបរាជ័យ
ហើយកាលនោះសហជីពជាច្រើន បានព្រមានថានឹងរៀបចំបាតុកម្ម តវ៉ា ប្រសិនបើខាងរដ្ឋាភិបាល
និងខាងតំណាងក្រុមហ៊ុននៅតែមិនយល់ព្រមក្នុងកិច្ចប្រជុំលើកទី ២ ថ្ងៃទី ២៤ ខែធ្នូ
ឆ្នាំ២០១៣ ។ ជាលទ្ធផលកិច្ចប្រជុំលើកទី ២ នៅតែបរាជ័យ ។
ជាចុងក្រោយបាតុកម្មត្រូវបានរៀបចំ និងផ្ទុះឡើង ។ ដូច្នេះ រឿងនេះ
មិនអាចចាត់ទុកថា បក្សប្រឆាំង ជាអ្នករៀបចំទេ តែវាជារឿងរដ្ឋាភិបាល
និងក្រុមហ៊ុនមិនព្រមដំឡើងប្រាក់ខែដល់ កម្មករតាមរយៈកិច្ចប្រជុំ
និងការស្នើរស្វែងរកដំណោះស្រាយដោយវិធីចរចា ។
មូលហេតុ ហ៊ុន សែន
ចោទបក្សប្រឆាំងថាជាអ្នកញុះញង់៖ មូលហេតុងាយយល់ គឺ
មកពីពេលនោះ បក្សប្រឆាំងកំពុងធ្វើបាតុកម្មទាមទារឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញក្រោយការបោះឆ្នោត
ហើយកម្មករក៏រៀបចំបាតុកម្មទាមទារប្រាក់ខែផងដែរ។ កម្លាំងទាំងពីរនេះ
បានសហការគ្នាដើម្បីធ្វើ បាតុកម្ម ហើយបាតុកម្មជាទូទៅគឺអហិង្សា ។
មូលហេតុនៃអំពើហិង្សា នៅផ្លូវ វ៉េងស្រេង៖
មុននឹងការកើតមានហិង្សាគឺកម្មករបានធ្វើបាតុកម្ម អហិង្សា
ច្រៀងរាំសប្បាយលេងនៅទីបាតុកម្ម ជាច្រើនថ្ងៃ
និងទាមទាររកដំណោះស្រាយដោយ សន្តិវិធីតាមរយៈការដាក់ញត្តិ
និងសុំជួបចរចាជាមួយភាគីរដ្ឋាភិបាល និងតំណាងក្រុមហ៊ុន តាំងពីថ្ងៃទី ២៥ ធ្នូ
២០១៣ មកដោយគ្មានបញ្ហាឡើយ ។ ជាលទ្ធផល ខាងរដ្ឋាភិបាលអត់ខ្វល់។ លុះដល់ថ្ងៃទី ២
មករា ២០១៤ កងកម្លាំងរដ្ឋាភិបាលបានចេញមកប្រើហិង្សា វាយបំបែក
និងបាញ់ប្រហារហ្វូងកម្មករនៅចំណុចតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
ឬហៅថាតំបន់សួន ឧស្សាហកម្មពិសេសយ៉ាងព្រៃផ្សៃ ។
សូមបញ្ជាក់ថាតំបន់នេះមានរោងចក្រច្រើនណាស់ ហើយវាជាកម្មសិទ្ធរបស់លោកឧកញ៉ា ពុង
ខៀវសែ។ ចំពោះលោក
ពុង ខៀវសែ
វិញអ្នកណាក៏ដឹងដែរថាលោក គឺជាអ្នករកស៊ីឈរឈ្មោះឲ្យ ត្រកូលហ៊ុនស្ទើរតែទាំងអស់ ។
ដូច្នេះ ការដែលកម្មកររោងចក្រនៅតំបន់នោះទាំងអស់ចេញ មកធ្វើបាតុកម្ម
គឺវាបានធ្វើឲ្យត្រកូលហ៊ុនបង់ខាតប្រាក់រាប់លានដុល្លារក្នុង១ថ្ងៃៗ ។
នេះហើយជាមូលហេតុសំខាន់នាំឲ្យមានការឈានទៅដល់ការប្រើហិង្សា
និងសំលាប់កម្មករដូច សត្វធាតុនោះ
ហើយវាមិនទាក់ទងរឿងបាតុកម្មផ្តួលរំលំរដ្ឋាភិបាល
ឬបាតុកម្មដោយពួកញៀន គ្រឿងញៀនដឹកនាំដោយបក្សប្រឆាំងដូច ហ៊ុន សែន
បានចោទស្អីនោះឡើយ។
មូលហេតុមិនដំឡើងប្រាក់ខែដល់កម្មករ៖
ជារួមការដំឡើងប្រាក់ខែគឺខាងរដ្ឋាភិបាលជាអ្នកកំណត់
និងបញ្ជាក់ក្នុងច្បាប់ការងារ
តែខាងរដ្ឋាភិបាលតែងនិយាយជំនួសឲ្យខាងក្រុមហ៊ុនថា មិនអាចដំឡើងបានគ្រប់ពេល។
មូលហេតុងាយយល់គឺ រោងចក្រទាំងអស់នៅកម្ពុជាគឺ៖
(១)
សុទ្ធតែមានភាគហ៊ុនត្រកូលហ៊ុន និងមន្រ្តីធំៗរបស់ស៊ីភីភី,
(២)
ចំណាយបង់លុយប្រចាំខែឲ្យក្រសួង
ដោយពួកក្រសួងដើរដាក់ប្រាក់ខែឲ្យនៅរោងចក្រទាំងនោះ,
(៣)
ខាងរោងចក្រត្រូវបង់ប្រាក់ប្រចាំខែឲ្យពួកសហជីពការពាររដ្ឋាភិបាលដើម្បីជួយធ្វើការឲ្យខ្លួន
និង
(៤) អំពើពុករលួយផ្សេងៗទៀត ។
សំលាប់កម្មករដូចសត្វ
រួចដំឡើងប្រាក់ខែបន្តិចបន្តួចលួងចិត្្ត៖ បន្ទាប់ពីបានប្រើហិង្សា
កាប់សំលាប់កម្មករបង្ហូរឈាមនៅផ្លូវវ៉េស្រេងរួចមក (ស្លាប់ ៥ នាក់
រងរបួសរាប់សិបនាក់ និង ចាប់ខ្លួន ២៣ នាក់ យកទៅដាក់ពន្ធនាគារ)
ហើយសភាពការស្ងប់ស្ងាត់
និងលុះប៉ុន្មានខែក្រោយមក ហ៊ុន សែនបានសម្រេចដំឡើងប្រាក់ខែកម្មករដល់ ១០០$/ខែ នៅឆ្នាំ២០១៤ ។ តើអាចរស់បានទេ?
តើត្រូវធ្វើបាតុកម្មបន្តទៀតទេ? ចុះហេតុអ្វីចាំបាច់សំលាប់
ម្តេចមិនព្រមហៅមកចរចាតាំងពីដំបូង ហើយដំឡើងឲ្យប៉ុណ្ណឹងតាំងពីដំបូងទៅ?
សូមបញ្ជាក់ថាការបង្រ្កាបនាពេលនោះគឺសាហាវព្រៃផ្សៃ ដោយ ហ៊ុន សែន
បានបញ្ជូនកងទ័ពមកទាំងឡានៗ ដូចសង្រ្គាមនៅអ៊ីរ៉ាក់ បាញ់សំលាប់កម្មករមិនប្រណី
ហើយកម្មករមានតែដំថ្ម ដបសាំង និងដំបងប៉ុណ្ណោះដើម្បីតដៃ។
ក្រោយពីព្រឹត្តិការណ៍ទាំងនោះផងដែរខាងបក្សប្រជាជនបានបំភ្លៃថាបក្សប្រឆាំងជាអ្នកញុះញង់
អ្នកសំលាប់កម្មករ អ្នកនាំកម្មករឲ្យគេសំលាប់
និងជាអ្នកបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជនដោយបង្ហាញរូបភាពកម្មករស្លាប់
រូបភាពឆេះគ្លីនិកមួយ និងរូបភាពដុតរថយន្តប៉ូលិសជាដើម។
ការបំភ្លៃនេះនៅតែបន្តរហូតដល់សព្វថ្ងៃ ហើយពេលនេះ ហ៊ុន សែន
បានចេញមុខមកប្រកាសថាខ្លួនមិនទទួលខុសត្រូវទេ
តែមេបក្សប្រឆាំងគឺជាអ្នកទទួលខុសត្រូវទៅវិញ។
មានឆ្ងល់ទេហេតុអ្វីពីឆ្នាំ ២០១៤ មក ២០១៧ គ្មានបាតុកម្មធំទៀត?
ជារួមរៀងរាល់ចុងឆ្នាំតែងមានកិច្ចជុំរវាងសហជីព ជាមួយតំណាងក្រុមហ៊ុន
និងរដ្ឋាភិបាលធ្វើឡើងនៅខែធ្នូដើម្បីពិភាក្សាគ្នាអំពីរឿងប្រាក់ខែគោលអប្បរមាររបស់កម្មករ។
ការគ្មានបាតុកម្មនេះគឺកើតឡើងដោយសារតែខាងរដ្ឋាភិបាល
និងខាងក្រុមហ៊ុនបានយល់ព្រមដំឡើងប្រាក់ខែខ្លះដល់កម្មកររៀងរាល់ឆ្នាំ
មិនដូចកាលពីឆ្នាំ ២០១៣ ឡើយ។ ពោលពេលនេះប្រាក់ខែកម្មករបានឡើងពី១០០$ (២០១៤)
ឡើងមកដល់ ១១០$ ឆ្នាំ ២០១៥ ទៅ ១២៧$ ឆ្នាំ ២០១៦ និង ១៤០$ ឆ្នាំ ២០១៧
ខណៈខាងកម្មករទាមទារប្រាក់ អប្បរមាចំនួន២០០$ក្នុង១ខែ ។
ជារួមយើងតែងដេកគិតថារឿងកម្មករធ្វើបាតុកម្មតវ៉ានេះ តែងកើតមានចៀសមិនផុតទេ
តែការដោះស្រាយគឺដូចជាមិនទាន់ឃើញមានប្រទេសណាព្រៃផ្សៃដូចនៅកម្ពុជាឡើយ
ទោះកម្មករប្រទេសផ្សេងនោះធ្វើបាតុកម្មហិង្សាខុសពីកម្ពុជាក៏ដោយ
ហើយក៏គ្មានរដ្ឋាភិបាល ប្រទេសណាចេញមុខមកនិយាយការពារក្រុមហ៊ុន
ខ្លាចក្រុមហ៊ុនខាតគ្រប់ពេល ដូចរដ្ឋាភិបាល កម្ពុជាដែរ។
និយាយរួមរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃខ្លាចក្រុមហ៊ុនក្រ
ខ្លាចម្ចាស់ក្រុមហ៊ុនជា ជនបរទេសក្រ តែមិនខ្លាចរាស្រ្តខ្មែរក្រវេទនានោះទេ។
ដូច្នេះតាមហេតុផលបកស្រាយខាងលើ បងប្អូនជនរួមឈាមខ្មែរ
អាចកាត់យល់បានហើយ ថាមូលហេតុអ្វីបានជាគេមិនចង់ដំឡើងប្រាក់ខែ?
តើអ្នកណាបាត់ប្រយោជន៍ធំជាងគេបើដំឡើងប្រាក់ខែឲ្យកម្មករ? តើអ្នកសំលាប់កម្មករ
(ហ៊ុន សែន) ជាអ្នកទទួលខុសត្រូវ ឬអ្នកគាំទ្រកម្មករធ្វើបាតុកម្ម
(បក្សប្រឆាំង) ទាមទារប្រាក់ខែ ជាអ្នកទទួលខុសត្រូវ?
អត្ថបទ៖ ខ្មែរ សុវណ្ណភូមិ