ភ្នំពេញ:
ខណៈដែលគណបក្សសង្គ្រោះជាតិអះអាងថានឹងបន្តឆ្ពោះទៅការបោះឆ្នោតឆ្នាំ
២០១៨ ខាងមុខ អ្នកវិភាគលាក់មុខដោយប្រើឈ្មោះលើហ្វេសប៊ុកថា
«បក្សីចាំក្រុង»
បានឈានទៅមុខមួយជំហានដោយបានបញ្ចេញសេណារីយោបីក្រោយពេលសង្គ្រោះជាតិត្រូវបានរំលាយ។
ដោយលើកឡើងថាលោក កឹម សុខា
បានប្រព្រឹត្តអំពើក្បត់ជាតិទាំងតុលាការមិនទាន់បើកសវនាការអ្នកប្រើហ្វេសប៊ុកឈ្មោះ
«បក្សីចាំក្រុង» បានលើកឡើងសេណារីយោចំនួន ៣
អំពីការបែងចែកអាសនៈសភាក៏ដូចជាអាសនៈក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ
និងព្រឹទ្ធសភាពីគណបក្សប្រឆាំង។
បក្សីចាំក្រុងលើកឡើងសេណារីយោទី ១ ថា
បើជាគណបក្សសង្គ្រោះជាតិត្រូវរំលាយ
អាសនៈទាំងអស់ត្រូវធ្លាក់ទៅលើគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភាដែលការធ្វើដូច្នេះនឹងធ្វើឲ្យកម្ពុជាមានសភាឯកបក្សដោយសំឡេង
១២៣ ។
សេណារីយោទី ២
គឺបែងចែកកៅអីក្នុងរដ្ឋសភាតាមរូបមន្តដែលច្បាប់បានកំណត់ដោយផ្អែកលើសំឡេងគាំទ្រកាលពីការបោះឆ្នោតឆ្នាំ
២០១៣។ សេណារីយោនេះធ្វើឲ្យគណបក្សប្រជាជនកម្ពុជាមានសំឡេង ១២០
ហើយគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៣ កៅអី។
ចំណែកសេណារីយោទី ៣
គឺបែងចែកអាសនៈទាំងអស់ទៅគណបក្សដែលចូលរួមបោះឆ្នោតឆ្នាំ ២០១៣
ដោយមិនរាប់បញ្ចូលគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។
បក្សីចាំក្រុងលើកឡើងថាដើម្បីយកសេណារីយោណាមួយក្នុងចំណោមសេណារីយោ
២
ចុងក្រោយត្រូវមានការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ
ហើយថាតំណែងក្រុមប្រឹក្សាក៏ត្រូវបែងចែកដូចគ្នា។
ពាក់ព័ន្ធនឹងការលើកឡើងពីលទ្ធភាពបែងចែកអាសនៈក្នុងករណីមានការរំលាយបក្សសង្គ្រោះជាតិនេះ
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យ គ.ជ.ប លោក
ហង្ស ពុទ្ធា បានទេកាលពីម្សិលមិញ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានថ្លែងថា
ការបែងចែកអាសនៈក្នុងករណីសង្គ្រោះជាតិត្រូវរំលាយនោះគឺអាស្រ័យលើច្បាប់
និងសមត្ថកិច្ចរបស់ គ.ជ.ប។ ប៉ុន្តែសេណារីយោទី ១ គឺ CPP នឹងមាន ១២៣
កៅអីនោះប្រហែលមិនអាចទៅរួចទេពីព្រោះគណបក្សប្រជាជនរបស់លោកមានអាសនៈ
៦៨ ដែលជាចំនួនគ្រប់គ្រាន់សម្រាប់អនុម័តច្បាប់នានារួចស្រាប់ហើយ។
លោកថ្លែងថា៖ «គណបក្សប្រជាជនអត់ចង់យកទៀតទេ ៦៨
ហ្នឹងវាគ្រប់គ្រាន់ក្នុងការអនុម័តច្បាប់ហើយ។
មិនបាច់លោភលន់ទៅយកដល់ ១២៣ ទេ។
អ៊ីចឹងអាស្រ័យលើ គ.ជ.ប
ជាអ្នកលើកសេណារីយោមកថាតើត្រូវធ្វើយ៉ាងម៉េចដើម្បីធានាបាននូវខ្លឹមសារប្រជាធិបតេយ្យសេរីពហុបក្ស។
បើសិនវាមានទំនាស់ជាមួយច្បាប់យ៉ាងណា
ចាំយើងធ្វើវិសោធនកម្មឲ្យស្របតាមការជាក់ស្តែង»។
ឆ្លើយតបនឹងការវិភាគនាំមុខរបស់អ្នកលេងហ្វេសប៊ុករូបនេះលោកស្រី
មូរ សុខហួរ
អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រតិកម្មថាការយកអាសនៈរបស់សង្គ្រោះជាតិដែលប្រជារាស្ត្របោះឆ្នោតឲ្យទៅចែកគណបក្សផ្សេងគឺពលរដ្ឋមិនអាចទទួលយកបាន។
លោកស្រីថ្លែងថា៖
«ធ្វើដូច្នេះគឺរំលោភលើរដ្ឋធម្មនុញ្ញដែលចែងថាកម្ពុជាប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
វាស្រេចលើពលរដ្ឋជាង ៣
លាននាក់ដែលបានបោះឆ្នោតឲ្យសង្គ្រោះជាតិថាត្រូវធ្វើយ៉ាងណា?
តើពួកគេទទួលយកបានទេ?»
គណបក្សយុវជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច
បានប្រកាសថាពួកគេនឹងដាក់ពាក្យប្តឹងទៅតុលាការកំពូលឲ្យរំលាយគណបក្សសង្គ្រោះជាតិ។
គណបក្សដែលមិនមានអាសនៈនៅរដ្ឋសភាទាំង ២ នេះ
និងបក្សីចាំក្រុងបានលើកមាត្រា ៦ ថ្មី (ពីរ) មាត្រា ៧ និងមាត្រា
៤៤ ថ្មី (ពីរ)
នៃច្បាប់ស្តីពីគណបក្សនយោបាយជាមូលដ្ឋានច្បាប់នៃការប្តឹងរំលាយគណបក្សសង្គ្រោះជាតិ។
ប៉ុន្តែមិនបានលើកឡើងពីមាត្រា ៣៨ ថ្មីដែលចែងថា
«ចំពោះគណបក្សនយោបាយដែលបានប្រព្រឹត្តខុសទៅនឹងរដ្ឋធម្មនុញ្ញច្បាប់ស្តីពីគណបក្សនយោបាយ
និងច្បាប់ជាធរមានដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា
ក្រសួងមហាផ្ទៃអាចចាត់វិធានការដូចខាងក្រោម...ប្តឹងទៅតុលាការកំពូលដើម្បីរំលាយគណបក្សនយោបាយនោះក្នុងករណីកំហុសមានលក្ខណៈធ្ងន់ធ្ងរ»។
មិនមានមាត្រាណាមួយដែលបញ្ជាក់ថាគណបក្សនយោបាយក្រៅរដ្ឋសភាអាចប្តឹងរំលាយគណបក្សផ្សេងឡើយ។
គណបក្សសញ្ជាតិកម្ពុជាត្រូវបានបក្សីចាំក្រុងវិភាគថានឹងទទួលបានអាសនៈ
២ បើសិនជាមានការបែងចែកអាសនៈតាមសេណារីយោរបស់ខ្លួន។ ប៉ុន្តែលោក
សេង សុខេង
ប្រធានគណបក្សសញ្ជាតិកម្ពុជាបានថ្លែងថាករណីគណបក្សសង្គ្រោះជាតិប្រព្រឹត្តខុសឬត្រូវ
ទុកឲ្យរដ្ឋាភិបាលអ្នកប្តឹងទៅតុលាការ។
លោកមិនចូលរួមប្តឹងរំលាយគណបក្សប្រឆាំងទេ។
លោកថ្លែងថា៖ «អ្នកនេះថាខុស អ្នកនោះថាខុស
តែយើងពឹងផ្អែកលើច្បាប់ជាមូលដ្ឋាន។
យើងមិនមែនជាអ្នកនៅក្នុងរដ្ឋាភិបាលទេ។ រដ្ឋាភិបាលជានីតិប្រតិបត្តិ
គាត់ត្រូវប្តឹងយ៉ាងម៉េចធ្វើយ៉ាងម៉េចគឺនៅលើគាត់។
ខ្ញុំជាបក្សតែមិនមានតួនាទី បើទៅប្តឹងវាខុស។
រឿងបក្សផ្សេងគេធ្វើ ជារឿងរបស់គេទេ»៕
ប្រភព :
Phnom Penh Post