Views
អង្គការធំៗពីររបស់អន្តរជាតិ
កំពុងរួមគ្នាថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន និង
ស្នើឲ្យពិភពលោកដាក់ទណ្ឌកម្មសេដ្ឋកិច្ច
និងកាច់ផ្ដាច់ជំនួយផ្នែកហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសផ្សេង
ដើម្បីបង្ខំឲ្យរដ្ឋាភិបាល បញ្ឈប់ការប៉ុនប៉ងរំលាយគណបក្សប្រឆាំង។
អង្គការធំៗទាំងពីរនោះ គឺអង្គការឃ្លាំមើលពិភពលោក គ្លូបល វីនេស (Global Witness) និង អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែលសុទ្ធតែមើល
ឃើញនូវគ្រោះថ្នាក់ នៃការដឹកនាំប្រទេសកម្ពុជា ទៅរករបបផ្ដាច់ការ
ដែលពិភពលោកមិនអាចអត់ឱនឲ្យបាន ជាពិសេសចំណាត់ការចុងក្រោយ
ដែលចង់រំលាយគណបក្សប្រឆាំង។
អង្គការឃ្លាំមើលពិភពលោក Global Witness ប្រាប់ឲ្យអន្តរជាតិ
ដាក់ទណ្ឌកម្មកម្ពុជា ដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន
កំពុងប៉ុនប៉ងរម្លាយគណបក្សប្រឆាំង។ នៅក្នុងសេចក្ដីថ្លែងការណ៍
ដែលចេញបន្ទាប់ពីក្រសួងមហាផ្ទៃកម្ពុជា ចាត់វិធានការ
ដើម្បីរម្លាយគណបក្សប្រឆាំង មន្ត្រីផ្នែកយុទ្ធនាការ
របស់អង្គការឃ្លាំមើលពិភពលោក អ្នកស្រី អែមម៉ា ប៊ើណែត (Emma Burnett) ឲ្យដឹងថា
ក្រុមអ្នកមានអំណាច និងមានទ្រព្យ ដែលជាជនពុករលួយ មួយក្ដាប់តូច
រយៈពេលចុងក្រោយនេះ កំពុងប៉ុនប៉ងរំលាយគណបក្សប្រឆាំងនៅកម្ពុជា
ដើម្បីបន្តក្រាញអំណាច និងរក្សាទ្រព្យសម្បត្តិ ដែលធ្វើឲ្យរងទុក្ខ
ដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ សហគមន៍អន្តរជាតិ
មិនអាចព្រងើយកន្តើយ និង ឈរឱបដៃមើល ប្រទេសកម្ពុជា
ដែលរអិលធ្លាក់ទៅក្នុងជ្រោះ នៃរបបផ្ដាច់ការបែបនេះបាននោះទេ។
ដូច្នេះ ប្រទេសម្ចាស់ជំនួយ និងដៃគូពាណិជ្ជកម្មរបស់កម្ពុជា
ត្រូវបង្ហាញឥទ្ធិពល ដើម្បីជួយអន្តរាគមន៍ក្នុងរឿងនេះ។
សេចក្ដីថ្លែងការណ៍ដដែល លើកឡើងថា
សហគមន៍អន្តរជាតិ បានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច
នៅកម្ពុជាច្រើនសម្បើមណាស់។
ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅកម្ពុជាសព្វថ្ងៃ
ក៏ដោយសារមានការជ្រោមជ្រែងពីអន្តរជាតិ។ ប៉ុន្តែ ជាអកុសល
ការរីកលូតលាស់សេដ្ឋកិច្ចនេះ
មិនបានជាប្រយោជន៍ច្រើនទៅដល់ពលរដ្ឋខ្មែរទូទៅទេ
ដោយសារតែក្រុមត្រកូលអភិជន និង
អ្នកមានអំណាចដ៏គួរឲ្យគ្រោះថ្នាក់មួយក្ដាប់តូច
នៅតែបន្តក្រាញអំណាច និងកេងប្រវ័ញ្ចយកទ្រព្យសម្បត្តិជាតិ
ធ្វើមានធ្វើបានតែក្រុមខ្លួន
ដែលធ្វើឲ្យពលរដ្ឋខ្មែរភាគច្រើនលើសលប់ រកតែអង្ករច្រកឆ្នាំង
សឹងមិនបានផង។
សេចក្ដីថ្លែងការណ៍ បន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន និងក្រុមគ្រួសាររបស់គាត់ រួមទាំងបក្សពួក
សុទ្ធតែកាន់មុខតំណែងធំៗ ទាំងផ្នែកនយោបាយ យោធា ប៉ូលិស និង
ក្ដោបក្ដាប់ប្រព័ន្ធផ្សព្វផ្សាយ ដែលនាំគ្នាជួយឃោសនា
ការពារបក្សកាន់អំណាច។
អ្នកស្រី អែមម៉ា ប៊ើណែត (Emma Burnett) បន្តទៀតថា
ការណ៍ដែលសហគមន៍អន្តរជាតិ គ្រាន់តែចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស
ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ដែលបង្ក្រាបបក្សប្រឆាំង
ប្រព័ន្ធផ្សព្វផ្សាយ និង អង្គការសង្គមស៊ីវិល គឺមិនបានផលទេ។
លុយមានឥទ្ធិពលជាងពាក្យសម្ដី។ ដូច្នេះ
មានតែការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះ
ទើបអាចមានប្រសិទ្ធភាពខ្ពស់។ អ្នកស្រី បញ្ជាក់ឲ្យ សហរដ្ឋអាមេរិក
និងសភាពអឺរ៉ុប ត្រូវតែដាក់ទណ្ឌកម្មជាបន្ទាន់ ទៅលើរដ្ឋាភិបាលលោក
ហ៊ុន សែន ដើម្បីបង្ខំឲ្យរដ្ឋាភិបាលនេះ បញ្ឈប់ការនាំប្រទេសកម្ពុជា
ទៅរកភាពផ្ដាច់ការដូច្នេះ។
ចំណែកឯសេចក្ដីថ្លែងការណ៍
របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ឯណោះវិញ
អំពាវនាវឲ្យអន្តរជាតិ កាត់ផ្ដាច់ជំនួយ ទៅរដ្ឋាភិបាលលោក ហ៊ុន សែន
ផងដែរ។
នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំអាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ចាត់ទុកចំណាត់ការរបស់ក្រសួងមហាផ្ទៃ
ដែលប៉ុនប៉ងរំលាយគណបក្សប្រឆាំង
ថាជាការធ្វើរដ្ឋប្រហាររបស់បុរសខ្លាំងលោក ហ៊ុន សែន
ដែលកំពុងប្រែក្លាយខ្លួនទៅជាជនផ្ដាច់ការ ទាំងឥតអៀនខ្មាស។ លោក Phil Robertson បន្តទៀតថា
ការប៉ុនប៉ងរំលាយគណបក្សប្រឆាំងដូច្នេះ គឺលោក ហ៊ុន សែន
និងគណបក្សកាន់អំណាច កំពុងសម្លាប់ប្រជាធិបតេយ្យ
ដោយការប្រែក្លាយការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ
ទៅជាឆាកកំប្លែងមួយ។
លោកបញ្ជាក់ថា ការចោទគណបក្សប្រឆាំង
ថាដឹកនាំឲ្យមានចលនាបដិវត្តពណ៌ គឺជាការឃោសនា
ផ្សព្វផ្សាយបោកបញ្ឆោតដើម្បីចំណេញនយោបាយ
ធ្វើយ៉ាងណាដើម្បីបំពេញលេសរបស់ខ្លួន
ក្នុងការបង្ក្រាបអ្នកដែលហ៊ានរិះគន់រដ្ឋាភិបាលតែប៉ុណ្ណោះ។ លោកថា
ការប្រើប្រាស់តុលាការកំពូល ដើម្បីរំលាយគណបក្សប្រឆាំង
គឺជាផែនការគិតទុកជាមុនរបស់គណបក្សកាន់អំណាច
ព្រោះចៅក្រមតុលាការកំពូល នឹងសម្រេចអ្វីទៅតាមតែការចង់បានរបស់លោក
ហ៊ុន សែន បញ្ជាប៉ុណ្ណោះ។ ដូច្នេះ លោកស្នើថា មធ្យោបាយដ៏សមគួរបំផុត
គឺមានតែស្នើឲ្យប្រទេសជប៉ុន និង សហគមន៍អឺរ៉ុប
កាត់ផ្ដាច់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសជាបន្ទាន់ ទៅដល់ការបោះឆ្នោត
ដែលគ្មានភាពសេរី ត្រឹមត្រូវ និង យុត្តិធម៌។ ប្រជាពលរដ្ឋជប៉ុន
និងអឺរ៉ុប ត្រូវទាមទារឲ្យ ការចំណាយរបស់ខ្លួន មិនត្រូវបានផល
ដល់ការជួយឲ្យជនផ្ដាច់ការ បន្តកាន់អំណាចនៅកម្ពុជានោះឡើយ៕