Views
ពលរដ្ឋរស់នៅក្រុងភ្នំពេញ យល់ថា
ការដាក់ពាក្យបណ្ដឹងរបស់មេធាវីនៃក្រសួងមហាផ្ទៃ ទៅតុលាការកំពូល
ដើម្បីសុំប្ដឹងរំលាយគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃទី៦ តុលា
តាមសំណើរបស់គណបក្សនយោបាយចំនួន២ គឺគណបក្សយុវជនកម្ពុជា និង
គណបក្សហ៊្វុនស៊ិនប៉ិច គឺគ្រាន់តែជាលេសរបស់គណបក្សកាន់អំណាច
ដើម្បីបំបាត់គណបក្សប្រឆាំងកុំឲ្យបានចូលរួមការបោះឆ្នោតសកល
និងជាលេសដែលគណបក្សនេះ ខ្លាចចាញ់ការបោះឆ្នោតឆ្នាំ ២០១៨ តែប៉ុណ្ណោះ។
ពលរដ្ឋមួយចំនួនអះអាងថា
ពួកគេនឹងមិនទៅបោះឆ្នោតនោះទេ
ប្រសិនបើគ្មានវត្តមានរបស់គណបក្សប្រឆាំង។ ពួកគេយល់ថា
ក្រៅពីបក្សសង្គ្រោះជាតិ គ្មានគណបក្សណាដែលអាចមានលទ្ធភាពប្រកួត
ជាមួយបក្សកាន់អំណាចសព្វថ្ងៃនោះទេ។
ពលរដ្ឋម្នាក់រស់នៅក្រុងភ្នំពេញ យល់ថា
បណ្ដឹងសុំរំលាយបក្សប្រឆាំងរបស់មេធាវីទាំង៥ តំណាងឲ្យក្រសួងមហាផ្ទៃ
គឺជាការបង្ហាញថា
រដ្ឋាភិបាលកំពុងភ័យខ្លាចប្រជាប្រិយភាពរបស់បក្សប្រឆាំង
ក្នុងការបោះឆ្នោតឆ្នាំ២០១៨។
ក្រសួងមហាផ្ទៃបានប្រគល់សិទ្ធិប្ដឹងទៅតុលាការកំពូល
ដើម្បីរំលាយបក្សប្រឆាំង ឲ្យទៅមេធាវី៥រូប ដែលដឹកនាំដោយ លោក គី តិច
មេធាវីដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក្រុមមេធាវី
នៅព្រឹកថ្ងៃទី៦ ខែតុលា បានបញ្ជូនពាក្យបណ្ដឹង
និងភស្តុតាងកម្រាស់ជិតកន្លះម៉ែត្រ ដែលមាន២១កញ្ចប់
ចូលដល់មហាអយ្យការអមតុលាការកំពូល រួចរាល់ហើយ។
មេធាវី លោក គី តិច បានប្រាប់សារព័ត៌មាន
នៅក្រោយដាក់ពាក្យបណ្ដឹងរួច ថា
ការស្នើសុំរំលាយគណបក្សសង្គ្រោះជាតិនេះ
គឺធ្វើតាមសំណើរបស់គណបក្សពីរ ដែលស្នើសុំទៅក្រសួងមហាផ្ទៃ។ ដោយឡែក
ភស្តុតាងចំនួន២១កញ្ចប់នោះ ក៏មានខ្លះ បានមកពីគណបក្សយុវជនកម្ពុជា
និង គណបក្សហ៊្វុនស៊ិនប៉ិច ផងដែរ។
លោក គី តិច បន្តអះអាងថា
ពាក្យបណ្ដឹងដែលក្រុមលោកស្នើសុំ មិនមែនប្រឆាំង លោក កឹម សុខា ឬ
ទាមទារសំណងនោះទេ គឺស្នើសុំប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ
នៅកម្ពុជាចោលតែម្ដង។
ពលរដ្ឋម្នាក់ទៀត ជាកម្មករសំណង់
ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ យល់ថា សកម្មភាពប្ដឹងនេះ គឺជាចេតនា
នៃការរំលាយបក្សប្រឆាំង ក្នុងលេសបំបាត់ដៃគូខ្លាំង។
កម្មករសំណង់រូបនេះ
នៅរារែកក្នុងចិត្តនៅឡើយចំពោះការទៅបោះឆ្នោតឆ្នាំ២០១៨។
ចាប់តាំងពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានស្នើឲ្យក្រុមតំណាងរាស្ត្ររបស់បក្សលោកធ្វើវិសោធនកម្មច្បាប់បោះឆ្នោតមក
អ្នកតាមដាននយោបាយ ប្រមើលឃើញថា
ច្បាប់នេះមានចេតនាបម្រើផលប្រយោជន៍បក្សកាន់អំណាច
ក្នុងការបំបាត់គណបក្សនយោបាយ
ជាដៃគូប្រកួតជាជាងសម្រាប់បម្រើផលប្រយោជន៍ប្រជាជនខ្មែរ។
|
Hun Sen Must Go ! 2018 |
ពលរដ្ឋខ្លះ អះអាងថា
បើគ្មានវត្តមានបក្សប្រឆាំងបោះឆ្នោតឆ្នាំ២០១៨ទេ ពួកគេ
នឹងសរសេរពាក្យថា គណបក្សសង្គ្រោះជាតិ នៅលើសន្លឹកឆ្នោត
រួចគូប្រអប់ដើម្បីគូស បើទោះជាសន្លឹកឆ្នោតនោះត្រូវចាត់ទុកថា
មិនបានការក៏ដោយ៕