Views
ប៉ុន្មានថ្ងៃមកនេះ បុរសខ្លាំងនៃកម្ពុជាហាក់បញ្ចេញចង្កូមកាចបន្លាចគេឯងដេញខាំប្រហារបុគ្គលណា ៗដែលជាឧបសគ្គនៃការក្រាញអំណាចយ៉ាងសាហាវ ។
នរណា ៗ ក៏ដឹងថា បុរសខ្លាំងចូលចិត្តការបំបែកបំបាក់ភាគីប្រកួតដើម្បីបន្តអំណាច ចាប់ផ្តើមតាំង ពីឆ្នាំ ១៩៩៧ ជាដើមមក បុរសខ្លាំងបំបែកគណបក្សហ្វ៊ុនស៊ិនប៉ិច បំបែកគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា បំបែកគណបក្សជាតិខ្មែរ ។ល។
ក្រៅពីការបំបែក នៅមានការសម្លាប់ ចាប់ចងភាគីប្រឆាំង ហើយថ្មី ៗ នេះបានសម្លាប់លោកបណ្ឌិត កែម ឡីថែមទៀត ។
យុទ្ធសាស្ត្រ ៤ ចំណុច ដែលបុរសខ្លាំងតែងប្រើប្រឆាំងនឹងអ្នករិះគន់ អ្នកតវ៉ា បក្សប្រឆាំង ឈ្មោះថា នយោបាយឈ្នះឈ្នះ ហៅជាភាសាអង់គ្លេសថា (DIFID) គឺ
- ទណ្ឌៈ កម្រិតទាប : ធ្វើទុក្ខបុកម្នេញ បៀតបៀនយាយី
សំឡុតគំរាមគំហែង មួលបង្កាច់ ចោទប្រកាន់ កម្រិតធ្ងន់ : កម្ទេច ឬថា ត្រូវនឹងយុទ្ធសាស្រ្តទី ៣ ថា
សម្លាប់មនុស្សស្លូតត្រង់ប្រសើរជាងទុកសត្រូវឲ្យនៅរស់ Finish ។
- ភង្គៈ ប្រើបទញុះញង់ ឬ បទក្បត់ជាតិ ជាគោលក្នុងការកម្ចាត់សត្រូវ គឺ
គណៈបក្សនយោបាយផ្សេងក្រៅពី CPP ត្រង់ចំណុចទី ១ និង ២ គឺ Divide
និង Isolate បំបែកបំបាក់ដើម្បីគ្រប់គ្រង ។
- សាមៈ បង្កើតក្រុមបង្កហេតុ
ទាំងនៅលើដី និង អនឡាញ កាលបើធ្វើទុក្ខបុកម្នេញបង្កហេតុរួចហើយក៏បញ្ជូនក្រុមអន្តរាគមន៍ចូលទៅសម្របសម្រួល
ធ្វើដូចជាអ្នកជួយដោះស្រាយក្នុងន័យសង្កេតមើលអ្នកដែលពាក់ព័ន្ធ
រកចំណុចដែលទម្លាក់កំហុសបើអាចធ្វើបាន ក្នុងន័យនយោបាយ សម្របសម្រួលឲ្យសារភាព
ទុកជាភស្តុតាងចោទប្រកាន់នៅថ្ងៃក្រោយ ដូចជា ចាប់បានហើយបង្ខំឲ្យចុះហត្ថលេខាថា ខុស ឬ
ឲ្យចូលមកខាងខ្លួនដើម្បីឲ្យរស់នៅបានសុខ
បើមិនចុះចូលនឹងរងគ្រោះថ្នាក់ត្រូវត្រង់ចំណុចទី ៥ គឺ
ទុកឲ្យកសាងខ្លួនក្នុងកណ្តាប់ដៃ (Develop)។
- ទានៈ បើពិបាកសម្របសម្រួលខ្លាំងពេក
ព្រោះត្រូវមតិជាតិនិងអន្តរជាតិវាយប្រហារនិងថ្កោលទោសត្រូវផ្តល់សម្បទានដល់គូប្រជែងខ្លះក្រោមលក្ខខណ្ឌធ្វើមិនឲ្យហួសមុំចង្រ្កានរបស់ខ្លួន
គឺ មិនឲ្យហួសក្រិត្យក្រមដែលដាក់កម្រិតឲ្យត្រូវនឹងចំណុចទី ៤
គឺ ធ្វើឲ្យអស់សង្ឃឹមហើយសឹមធ្វើឲ្យមានសង្ឃឹមវិញ (Integrate) ដែលបុរសខ្លាំងបង្កើតពាក្យថ្មីថា សមាហរណកម្ម ឬ សម្បទាន ។
ក្បាច់ទាំង ៤ ត្រូវបានបុរសខ្លាំងប្រើខ្ទេចខ្ទីគ្មានសល់តាំងពីឡើងកាន់អំណាចមកជាង ៤០ ឆ្នាំ ហើយនៅបន្តប្រើរហូតដល់ថ្ងៃនេះ ប៉ុន្តែសព្វថ្ងៃខុសពីពេលវេលាដំបូង ពលរដ្ឋមានការយល់ដឹងច្រើន តាមទាន់កលល្បិចនយោបាយរបស់បុរសខ្លាំងរហូតដល់បង្ហាញចេញជាសន្លឹកឆ្នោតតាំងពីឆ្នាំ ២០១៣ មក បើសរុបលទ្ធផលនៃការប្រើយុទ្ធសាស្រ្តនេះធ្វើភាគីប្រឆាំងបានទទួលផលជាបន្តបន្ទាប់ គឺ លោក ឈុត វុទ្ធី លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់
លោក ហុង សុខហួ លោក អ៊ុំ សំអាន លោក មាជ សុវណ្ណរ៉ា លោក គឹម សុខ ជាដើម ត្រូវបានចាប់ឃុំក្នុងពន្ធនាគារ អ្នកការពារសិទ្ធិមនុស្សជាច្រើនទៀត
ហើយដែលសំខាន់ជាងគេ គឺ លោក សម រង្សីត្រូវបាននិរទេសខ្លួនចេញពីប្រទេស និង ចុងក្រោយ គឺ លោក កឹម សុខា ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថា
ក្បត់ជាតិ ។
ព្រោះតែលទ្ធផលការបោះឆ្នោត ២០១៣ និង ២០១៧ កន្លងមក ទាំងលទ្ធផលស្ទង់មតិបង្ហាញថា បុរសខ្លាំងមិនអាចនឹងបន្តក្រាញអំណាចដោយការបំបែកបំបាក់ភាគីប្រកួតតទៅទៀតបាន ទើបបែកគំនិតគិតចង់កសាងខ្លួនឯងជាឯកបក្ស ប៉ុន្តែស្ទាក់ស្ទើរត្រង់អន្តរជាតិមិនយល់ព្រម ទើបមានតែវិធីមួយ គឺ បំបែកកម្លាំងបក្សសង្រ្គោះជាតិឲ្យទន់ខ្សោយដោយពាក្យថ្មីថា
ក្បត់ជាតិជាប្រព័ន្ធ ដែលបទចោទនេះក្លាយជាតួតាំងយ៉ាងរឹងមាំប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ ។
ទោះជាយ៉ាងណាក៏ដោយ ក៏បុរសខ្លាំងមិនអាចលេងល្ខោនបិទពួនអន្តរជាតិបានដែរ ព្រោះភាគីអន្តរជាតិជាម្ចាស់ជំនួយធំទាំងជាភាគីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសផងសុទ្ធតែបានការដឹងឮនិងចាប់ផ្តើមប្រតិកម្ម ហេតុនោះ បុរសខ្លាំងទើបមិនអាចចៀសផុតពីវេទិកាបោះឆ្នោតបានទេ ប៉ុន្តែគ្រាន់តែបង្អើលពលរដ្ឋនិងអន្តរជាតិមុនការបោះឆ្នោតប៉ុណ្ណោះ ។
សម្ពាធពីអន្តរជាតិចាប់ផ្តើមវាយបកនឹងចំណាត់ការបស់បុរសខ្លាំងបណ្តើរ ៗ ហើយ ពោលគឺ កាលពីថ្ងៃទី ០៣ ខែ តុលា ម្សិលមិញ សមាជិកព្រឹទ្ធសភាអាមេរិកបានដាក់ជូនក្នុងកិច្ចប្រជុំសភាពេញអង្គលើកទី ១១៥ ដោយផ្ដោតសំខាន់លើ ៨ ចំណុច៖
ទី១៖ បញ្ជាក់ឡើងវិញ
នូវការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការលើកស្ទួយ
ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។
ទី២៖ ថ្កោលទោស រាល់ទម្រង់នៃការរំលោភបំពានផ្នែកនយោបាយ
នៅប្រទេសកម្ពុជា និង ទាមទារ ឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្ស
ដែលបន្តកើតមាននៅកម្ពុជា។
ទី៣៖ ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង
គណបក្សប្រជាជនកម្ពុជា បញ្ឈប់ការធ្វើទុក្ខបុកម្នេញ និង
ការគំរាមកំហែងមកលើគណបក្សប្រឆាំង និង
ស្នើឲ្យបង្កបរិយាកាសឲ្យមានលក្ខណៈអំណោយផលល្អ ដល់ការរីកលូតលាស់
នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
ទី៤៖ ទាមទារឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក
សហការគ្នាជាមួយការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេស
នៃនាយកដ្ឋានរតនាគារ ពិចារណាដាក់មន្ត្រីរដ្ឋាភិបាលកម្ពុជា ទាំងឡាយណា
ដែលជាប់ពាក់ព័ន្ធនឹងការរំលោភបំពានខាងលើ
ឲ្យចូលទៅក្នុងបញ្ជីខ្មៅនៃជនដែលគ្រោះថ្នាក់
ត្រូវបង្កកទ្រព្យសម្បត្តិ និង ហាមឃាត់មិនឲ្យចូលទឹកដីអាមេរិក។
ទី៥៖ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា ជាបន្ទាន់ និង ដោយឥតលក្ខខណ្ឌ។
ទី៦៖ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា
គោរពសិទ្ធិសេរីភាពសារព័ត៌មាន និង សិទ្ធិពលរដ្ឋរបស់ខ្លួន
រួមមានសិទ្ធិក្នុងការជួបប្រជុំ សិទ្ធិធ្វើបាតុកម្ម និង តវ៉ា និង
សិទ្ធិក្នុងការរិះគន់រដ្ឋាភិបាល ដោយគ្មានការរឹតត្បិត។
ទី៧៖ គាំទ្រកិច្ចខិតខំប្រឹងប្រែង
កែទម្រង់ប្រព័ន្ធរៀបចំការបោះឆ្នោតនៅកម្ពុជា និង
គាំទ្រឲ្យមានការបោះឆ្នោតជាតិនៅឆ្នាំ ២០១៨ ដោយសេរី ត្រឹមត្រូវ និង
យុត្តិធម៌ ដោយមានអ្នកអង្កេតការណ៍បោះឆ្នោតអន្តរជាតិ
ចូលរួមតាមដានដំណើរការបោះឆ្នោត។
និង ទី៨៖ ស្នើឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក
ប្រាប់ទៅរដ្ឋាភិបាលកម្ពុជា ថាបើរដ្ឋាភិបាលនេះ
មិនអើពើទៅនឹងអនុសាសន៍ របស់សហគមន៍អន្តរជាតិ និង
បើនៅបន្តឲ្យបរិយាកាសនយោបាយ នៅតែមានភាពរឹតត្បិត និង
មានការគំរាមកំហែង ដូចពេលបច្ចុប្បន្ននេះតទៅទៀត
នោះរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងគ្មានជម្រើសអ្វី
ក្រៅពីមិនទទួលស្គាល់ ការបោះឆ្នោតជាតិឆ្នាំ ២០១៨ ខាងមុខនោះទេ
ព្រោះការបោះឆ្នោតក្នុងស្ថានភាពបែបនេះ នឹងគ្មានភាពសេរី ត្រឹមត្រូវ
និង យុត្តិធម៌
ហើយក៏មិនឆ្លុះបញ្ចាំងអំពីឆន្ទៈពិតប្រាកដរបស់ពលរដ្ឋម្ចាស់ឆ្នោតនោះដែរ
ដោយសារដំណើរការបោះឆ្នោត
មិនបានធ្វើតាមបែបប្រជាធិបតេយ្យត្រឹមត្រូវ ៕
សរុបសេចក្តីមក បុរសខ្លាំងគង់អស់ផ្លូវបំបែកបំបាក់ដើម្បីគ្រប់គ្រងអំណាចតទៅទៀតហើយ គង់លេងបានត្រឹមបទចាប់ចងបន្ថយឥទ្ធិពលភាគីប្រកួតប៉ុណ្ណោះ ក្រៅពីនេះមានតែសម្របខ្លួនទៅតាមវេទិកាបោះឆ្នោតដែលជាតម្រូវការរបស់ជាតិនិងអន្តរជាតិ ។