Views
ដោយសារល្បែងជាតិនិយមមិនទៅមុខ ឬ រកក្រឡាអុកផ្សេងមិនបាន ក៏តាំងផ្តើមចូលក្រឡាអុកដដែល គឺ ពាក្យថា
ក្បត់ជាតិ ស៊ីផុយដូចបកចេក បើបុរសខ្លាំងចោទអ្នកណាថា ក្បត់ជាតិ អ្នកនោះប្រាកដជាក្បត់ជាតិទៅតាមនោះ ហើយតុលាការក៏ត្រៀមនិយាយបន្ទរថា ក្បត់ជាតិដែរ
នៅថ្ងៃនេះ បុរសខ្លាំងនៃកម្ពុជាបានចេញទៅបើកសណ្ឋាគារ និង រមណីយដ្ឋានសុខានៅសៀមរាបដែលជាមុខជំនួញឯកជន ហើយក៏មិនភ្លេចបញ្ចេញវោហារនយោបាយទាំងមានទឹកមុខស្រងូតស្រងាត់មកប្រាប់ប្រជាពលរដ្ឋខ្មែរនិងពិភពលោកថា នៅមានអ្នកក្បត់ជាតិជាច្រើនទៀតដែលត្រូវចោទប្រកាន់និងចាប់ខ្លួនយកទៅញាត់គុកដ៏តូចចង្អៀតដោយទោសទណ្ឌខាងនយោបាយ ដែលខ្លួនកំពុងតែអនុវត្ត ។
វោហារនយោបាយរបស់បុរសខ្លាំងគ្មានអ្វីក្រៅពីការបង្វែងដានរឿងផែនការស្ទង់មតិឃើញចាញ់ឆ្នោតបក្សប្រឆាំងនោះទេ ។
បើតាំងសំណួររកវិនាសកម្មនៃអំពើក្បត់ជាតិថា តើអ្នកដែលត្រូវបុរសខ្លាំងចោទប្រកាន់ថា ក្បត់ជាតិនោះ បានបង្កវិនាសកម្មអ្វីខ្លះដល់ជាតិ ហើយជាតិបានទទួលផលវិនាសហិនហោចប៉ុនណា តើពួកគេទាំងនោះបាននាំជនបរទេសមកកាប់សម្លាប់ខ្មែរអស់ប៉ុន្មាននាក់ ។ល។ និង ។ល។
សរុបមក អំពើក្បត់ជាតិដែលចេញពីបបូរមាត់បុរសក្រាញអំណាចនេះត្រឹមតែជាលេសដែលបង្កបញ្ហាលំបាកមិនឲ្យពួកគេមានឱកាសបានចុះជួបពលរដ្ឋមុនការបោះឆ្នោតតែប៉ុណ្ណោះ មិនមែនជាអំពើក្បត់ជាតិជាក់ស្តែងអ្វីទេ ។