Views
ពលរដ្ឋមួយចំនួនរស់នៅឃុំអង្គតាសួ ស្រុកស្វាយជ្រុំ
ខែត្រស្វាយរៀង ភ័យព្រួយរឿងអាជ្ញាធរមូលដ្ឋាន ដើរសួរនាំពលរដ្ឋថា
បោះឆ្នោតឲ្យគណបក្សណា នឹងបង្ខំឲ្យពលរដ្ឋស្បថថា
នឹងត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា
ប្រសិនបានទទួលអំណោយពីបក្សកាន់អំណាច។
ពលរដ្ឋរស់នៅឃុំអង្គតាសូ ស្រុកស្វាយជ្រុំ ខែត្រស្វាយរៀង
ឲ្យដឹងនៅថ្ងៃទី ៣០ កញ្ញា ថា អាជ្ញាធរភូមិបានដើរស្រង់ឈ្មោះ
និងសួរនាំពលរដ្ឋថា បោះឆ្នោតឲ្យគណបក្សណា
កាលពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤
និងគ្រោងបោះឆ្នោតឲ្យគណបក្សណា នៅពេលបោះឆ្នោតជាតិឆ្នាំ២០១៨
ខាងមុខ។ លើសពីនេះ
អាជ្ញាធរបានបង្ខំពលរដ្ឋមួយចំនួនដែលធ្លាប់ទទួលអំណោយពីបក្សកាន់អំណាច
ត្រូវតែស្បថថា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ពលរដ្ឋរស់នៅភូមិបឹងក្រាល ឃុំអង្គតាសួ
ថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ឲ្យដឹងថា
អនុភូមិបឹងក្រាល លោក អុយ ស៊ីថា និងអាជ្ញាធរភូមិមួយចំនួនទៀត
បានដើរស្រង់ឈ្មោះពលរដ្ឋ និងសួរនាំពលរដ្ឋថា
បោះឆ្នោតឲ្យគណបក្សណាកាលពីពេលថ្មីៗនេះ។
បញ្ហានេះអ្នកភូមិមានមន្ទិល និងបារម្ភពីសុវត្ថិភាព
និងរឿងផ្ទាល់ខ្លួន
ប្រសិនបើពួកគាត់ឆ្លើយមិនត្រូវគណបក្សណាមួយដែលគេចង់បាន។ លោកថា
អ្នកភូមិខ្លះព្រមស្បថទាំងបង្ខំចិត្ត
ព្រោះបារម្ភពីសន្តិសុខផ្ទាល់ខ្លួន
ម្យ៉ាងពួកគាត់ធ្លាប់ទទួលអំណោយពីបក្សប្រជាជនផង៖ «
យើងយកអំណោយរបស់គេ
ហើយបោះឆ្នោតឲ្យអ្នកផ្សេងអ៊ីចឹងទៅ
វាបាត់សន្លឹកឆ្នោតច្រើនអ៊ីចឹងទៅ គេឲ្យពលរដ្ឋស្បថ។
គេមកតាមដានពីចំនួនពលរដ្ឋហ្នឹង»។
បុរសដដែលសង្ស័យថា មូលហេតុដែលអាជ្ញាធរចុះស្រង់ស្ថិតិនេះ
ព្រោះកន្លងទៅគណបក្សប្រជាជនធ្លាប់ចែកអំណោយជូនពលរដ្ឋនៅតំបន់នោះ
ដែលរំពឹងថា ពលរដ្ឋនឹងបោះឆ្នោតឲ្យគណបក្សរបស់ខ្លួន តែផ្ទុយទៅវិញ
ពលរដ្ឋភាគច្រើនដែលបានទទួលអំណោយមិនដឹងថា
អំណោយរបស់បក្សប្រជាជនកម្ពុជា ក្នុងគោលបំណងអ្វីនោះទេ
ហើយពួកគាត់ស្មានថា អំណោយនោះជាសប្បុរសធម៌៖ «
ពលរដ្ឋមួយចំនួនគាត់ភ័យដែរថា
ប្រហែល ប៉ុល ពត ទី២ចូលទៀតហើយ។ ឥឡូវគាត់ភ័យពលរដ្ឋគាត់ថា មកសួរនាំ
និងមកគាប់សង្កត់គាត់យ៉ាងហ្នឹង ពុំមែនលទ្ធិប្រជាធិបតេយ្យទេ»។
អាស៊ីសេរីមិនអាចរកប្រភពទាក់ទង អនុភូមិបឹងក្រាល លោក អុយ ស៊ីថា ដើម្បីសុំការបំភ្លឺរឿងនេះបានទេនៅថ្ងៃទី៣០ កញ្ញា។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ លោក ម៉ៅ វិបុល ឲ្យដឹងថា
មន្ត្រីបក្សសង្គ្រោះជាតិបានទទួលពាក្យបណ្ដឹងរឿងនេះហើយ
នឹងគ្រោងដាក់ពាក្យបណ្ដឹងរឿងនេះទៅគ.ជ.ប
នៅពេលឆាប់ៗនេះប្រសិនបើបក្សសង្គ្រោះជាតិរកឃើញថា
ពលរដ្ឋត្រូវគេរំលោភសិទ្ធិរក្សាការសំងាត់។
លោកចាត់ទុកបញ្ហានេះ
ជាទម្រង់គំរាមកំហែងសិទ្ធិពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ
ដែលនាំឲ្យការអនុវត្តលទ្ធិប្រជាធិបតេយ្យរឹតតែអាក្រក់ទៅៗ។
លោកបារម្ភថា ទង្វើនេះពលរដ្ឋរងគ្រោះនឹងប្រឈមបញ្ហាផ្សេងៗ
នៅគ្រាដែលគាត់ឆ្លើយមិនត្រូវគណបក្សណាមួយដែលគេចង់បាន៖ «
ដោះស្រាយបញ្ហានេះ
បោះឆ្នោតឲ្យមានយុត្តិធម៌ទាំងអស់គ្នា ធ្វើអីកុំឲ្យដើរបំភិតបំភ័យ
គំរាមកំហែងពលរដ្ឋ មិនមែនជាការល្អទេ
សង្គមប្រជាធិបតេយ្យចង់បានយុត្តិធម៌ទាំងអស់គ្នា
បោះឆ្នោតឲ្យស្មើភាពគ្នាអ្នកចាញ់ដឹងចាញ់ អ្នកឈ្នះដឹងឈ្នះ
មិនមែនដើរគំរាមកំហែងពលរដ្ឋពីពេលនេះទៅ»។
មន្ត្រីអង្កេតជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល (Comfrel) លោក
កន សាវាង្ស យល់ថា ប្រសិនបើអាជ្ញាធរសួរនាំពលរដ្ឋបោះឆ្នោតឲ្យបក្សណា
និងបង្ខំឲ្យពលរដ្ឋស្បថ គឺជាទង្វើគំរាមកំហែងស្មារតីពលរដ្ឋ
និងសិទ្ធិរក្សាការសម្ងាត់
បង្កការភ័យខ្លាចដល់ពលរដ្ឋផ្ទុយពីក្របខណ្ឌច្បាប់។
លោកស្នើឲ្យអាជ្ញាធរមូលដ្ឋានគួរតែបញ្ឈប់សកម្មភាពទាំងនេះ
ព្រោះទង្វើនេះគឺជាករណីបំបាក់ស្មារតីពលរដ្ឋ
និងជាទង្វើខុសឆ្គងធ្ងន់ធ្ងរ។ លោកពន្យល់ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិ
ចូលរួមបោះឆ្នោត និងជ្រើសរើសតំណាង ដែលខ្លួនពេញចិត្ត
មិនបង្ខិតបង្ខំបានទេ៖ «
វាចូលករណីគំរាមកំហែងផ្នែកស្មារតី
ពលរដ្ឋគ្រប់រូបក្នុងច្បាប់មានចែងសិទ្ធិសេរីភាពជ្រើសរើសតំណាង
និងជ្រើសរើសនូវ អ្នកដែលខ្លួនពេញចិត្ត និងស្រឡាញ់អ៊ីចឹងមិនអាច
អ្នកណាមួយបង្ខំថា អ្នកឯងត្រូវបោះឆ្នោតអ្នកនេះ និងអ្នកនោះអត់បានទេ
ព្រោះនេះវាខុសហើយ»។
រដ្ឋធម្មនុញ្ញមាត្រា៣៤ ចែងថា
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត
និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត។ ចំណែកមាត្រា៣៥ ចែងថា
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ
សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ៕
source :
rfa